ព័ត៌មានអន្តរជាតិ

លោក Putin ប្រកាសដាក់ចេញ នូវកិច្ចការងារអទិភាព សម្រាប់ទីភ្នាក់ងារសន្តិសុខ និងភ្នាក់ងារស៊ើបការសំងាត់

បរទេស៖ លោកប្រធានាធិបតីរុស្សី Vladimir Putin កាលពីថ្ងៃម្សិលមិញនេះ បានចេញមកសំដែងការកោតសរសើរយ៉ាងខ្លាំង ចំពោះសមាជិក នៃទីភ្នាក់ងារសន្តិសុខទាំងអស់របស់រុស្សី ចំពោះអ្វីដែលជាការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះការការពារច្បាប់រដ្ឋធម្មនុញ្ញ របស់ប្រទេស និងដែនអធិបតេយ្យភាពរបស់ប្រទេសរុស្សី ហើយលោកក៏បានលើកឡើង អំពីកិច្ចការងារមួយចំនួន សម្រាប់ការផ្តោតយកចិត្តទុកដាក់ផងដែរ។

ថ្លែងតាមរយៈវិដេអូលោក Putin បានធ្វើការជូនពរ ទៅកាន់ទីភ្នាក់ងារសន្តិសុខសហព័ន្ធ FSB, ទីភ្នាក់ងារសំងាត់បរទេស SVR, ទីភ្នាក់ងារសំងាត់សម្រាប់ការងារការពារ FSOនិងកម្មវិធីពិសេស សម្រាប់បណ្តាក្រុមមន្ត្រីជាន់ខ្ពស់ ឬ GUSP នៅក្នុងអំឡុងពេល នៃពិធីបុណ្យជាតិដែលប្រារព្ធធ្វើ កាលពីថ្ងៃទី២០ខែធ្នូម្សិលមិញនេះផងដែរ។

លោកបានរៀបរាប់បែបនេះថា៖ បច្ចុប្បន្ននេះស្ថានភាពសកល មិនមានភាពច្បាស់លាស់ និងប្រែប្រួលជាញឹកញាប់ ហើយវាដែលធ្វើឲ្យមានការគម្រាមកំហែង សម្រាប់ប្រទេសរុស្សី និងបញ្ហាសន្តិសុខរបស់យើង ដូចនេះភ្នាក់ងារសន្តិសុខនានា ត្រូវតែចាំបាច់ប្រើប្រាស់ នូវសមត្ថភាពរបស់ខ្លួនឲ្យអស់ពីសមត្ថភាព ដើម្បីបំពេញការងារនេះ ជូនប្រទេសនិងពលរដ្ឋរបស់យើង។

លោកបន្តទៀតថា៖ ស្ថានភាពនៅក្នុងតំបន់ Donetsk និង Luganask ព្រមទាំងនៅ Kherson និង Zaporozhye គឺជាពេលកំពុងមានបញ្ហាលំបាកស្មុគ្រស្មាញខ្លាំង ប៉ុន្តែពលរដ្ឋជនជាតិរុស្សីរបស់យើងនៅទីនេះ គឺរំពឹងមកលើយើងយ៉ាងខ្លាំង ដើម្បីជួយដល់សុវត្ថិភាព និងសន្តិសុខ ដូចនេះយើងត្រូវតែធ្វើអ្វីគ្រប់យ៉ាង ដើម្បីធានាឲ្យបានសេចក្តីសុខ និងសេរីភាពជូនពលរដ្ឋទាំងនោះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top