កីឡា

វគ្គអាជ្ញាកណ្តាល ចៅក្រមកីឡាបាល់ទះ កម្រិត “គ” ឬ “C”រៀនតាមអនឡាញ បញ្ចប់ដោយជោគជ័យ 

ភ្នំពេញ៖លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន សហព័ន្ធកីឡាបាល់ទះកម្ពុជាតំណាងលោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជានាចូលរួមតាមអនឡាញក្នុងពិធីបិទវគ្គអាជ្ញាកណ្តាល ចៅក្រមកីឡាបាល់ទះ កម្រិត “គ” ឬ “C”។

លោក បឹង គីមតោ អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទះកម្ពុជាបាននិយាយថា ដោយសារការីករាលដាលនៃមេរោគ COVID-19 និងដោយមានការចង្អុរបង្ហាញពីលោករដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសព័ន្ធកីឡាបាល់ទះកម្ពុជា និងការឯកភាពពីលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងជាប្រធានសព័ន្ធកីឡាបាល់ទះកម្ពុជា វគ្គនេះបានប្រារព្ធតាមរយៈប្រព័ន្ធអនឡាញ ដែលជាវគ្គទី២ ហើយវគ្គនេះត្រូវបានចាប់ផ្តើមពីថ្ងៃទី២១ រហូតដល់ទី២៣ ខែកញ្ញា ឆ្នាំ២០២១ ដែលជាថ្ងៃប្រារព្វពិធីបិទជាផ្លូវការនាពេលនេះ។

លោកបានបន្តថា ក្រោយពីបានសិក្សាអស់រយៈពេល៣ថ្ងៃ ទាំងផ្នែកទ្រឹស្តី ប្រកបដោយការយកចិត្ត ទាំងយើងបានកត់សម្គាល់ឃើញថា ទាំងគ្រូឧទ្ទេសទាំងពីររូប និងសិក្ខាកាម បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្រេបជញ្ជក់យកចំណេះដឹង ដោយមានការលើកជាសំណួរជាប្រចាំក្នុងរយៈពេលបីថ្ងៃនេះ នាំឱ្យសិក្ខាកាមទាំងអស់មានការយល់ដឹងបានច្រើនសម្រាប់យកទៅអនុវត្តក្នុងការដឹកនាំការប្រកួតនាពេលខាងមុខ ដែលមេរោគ COVID-19 វិលមករកស្ថានភាពដើមវិញ។

ចំពោះលទ្ធផលគួរជាទីមោទននិទ្ទេសល្អចំនួន ១នាក់ និទ្ទេសបង្គួរចំនួន ៣៩នាក់ និទ្ទេសមធ្យម ចំនួន ៩នាក់ និងនិទ្ទេសខ្សោយ ចំនួន ១២នាក់។ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ សូមអនុញ្ញាតឲ្យខ្ញុំបាទបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសព័ន្ធកីឡាបាល់ទះកម្ពុជា និងថ្នាក់ដឹកនាំសហព័ន្ធគ្រប់លំដាប់ថ្នាក់ដែលតែងតែគាំទ្ររាល់សកម្មបណ្តុះបណ្តាលធនធានមនុស្ស លើផ្នែកអាជ្ញាកណ្តាល ចៅក្រម និងផ្នែកផ្សេងៗជាបន្តបន្ទាប់ខាងមុខទៀត៕ដោយ៖លី ភីលីព


Most Popular

To Top