កីឡា

បើកវគ្គបណ្ដុះបណ្ដាល គ្រូបង្វឹកកីឡាហុកគីកម្រិត ១ 

ភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹក កីឡាហុកគីបានធ្វើឡើងរយៈពេល៧ថ្ងៃចាប់ពី ថ្ងៃទី២៤ដល់ទី៣០កញ្ញាដោយមានសិក្ខាកាម ចូលរួមចំនួន២៥នាក់ លោក វ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានអញ្ជើញចូលរួមក្នុងពីធីបើកវគ្គនេះ ។

សូមបញ្ជាក់ថាវគ្គ នេះដំណើរការទៅបានក្រោមការួយជ្រោមជ្រែងរបស់អង្គការសាមគ្គីអូឡាំពិក អន្តរជាតិ(OS)ក្រោមការសម្របសម្រួលរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងគ្រូឧទ្ទេសផ្ដល់ដោយសហព័ន្ធកីឡាហុកគីអន្តរជាតិ ។ ក្នុងចំណោមសិក្ខាកាមចំនួន២៥រូបនោះមាន១៧រូបជានារី ដែលមកពី៩ក្លិបទូទាំងរាជធានី ខេត្តដែលក្នុងនោះមកពីរាជធានីភ្នំពេញខេត្តកណ្ដាល កំពង់ចាម កំពង់ធំ ពោធិ៍សាត់ បន្ទាយមានជ័យ កំពង់ស្ពឺ និង ខេត្តសៀមរាប ដែលក្នុងនោះមានសិក្ខាកាមចំនួន៥រូបសិក្សាតាម
អនឡាញ ចំពោះគ្រូឧទ្ទេសនាមតាមអនតាញមកពីបរទេស ។

នេះជាការបណ្ដបណ្ដាលធនធានមនុស្សលើវិស័យកីឡាហុកគីសម្រាប់សង្គមកម្ពុជាដើម្បីពង្រីកសមត្ថភាពធនធានមនុស្សសម្រាប់ ត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ សម្រាប់ប្រភេទកីឡានេះកម្ពុជាក៏ត្រៀមខ្លួន ចូលរួមក្នុងការប្រកួតដែរហេតុនេះការបណ្ដុះបណ្ដាលធនធានគ្រូបង្វឹកគឺមានសារសំខាន់ណាស់ ។

វគ្គបណ្ដុះបណ្ដាលដោយគ្រូមកពីសហព័ន្ធកីឡាហុកគីអន្តរជាតិនោះគឺលោក Tahir Zaman នឹងត្រូវសិក្សាទៅលើមេរៀនសំខាន់ៗដូចជាសេចក្ដីផ្ដើមនៃកីឡាហុកគី តួនាទីគ្រូបង្វឹក ការគ្រប់គ្រងហានីភ័យ(Risk Management) ការត្រៀមបម្រុងរបស់គ្រូបង្វឹក ការហាមប្រើប្រាស់សារធាតុញៀន(Anti-Doping)បទបញ្ជាការប្រកួតហ្គេម វិធីនៃការស៊ុត ការបញ្ជូនបាល់ ការទទួលបាល់ ការការពារ និងអ្នកចាំទី ។

សូមបញ្ជាក់ថាសិក្ខាកាមទាំងអស់សុទ្ធតែធ្វើតេស្តរកមេរោគកូវីដ ១៩មុនវគ្គសិក្សាចាប់ផ្ដើម ។វគ្គសិក្សាទាំងមូលសុទ្ធតែអនុវត្តតាម វិធានការ៣កុំ និង ៣ការពាររបស់រាជរដ្ឋាភិបាល ៕ ដោយ:លី ភីលីព


Most Popular

To Top