កីឡា

Ancelotti៖ Hazard អាចចាកចេញ បានគ្រប់ពេល ប្រសិនបើគាត់ចង់

គ្រូបង្វឹកក្លឹបអេស្បាញ Real Madrid លោក Carlo Ancelotti នៅសប្តាហ៍នេះបានលើកឡើងថា គាត់នៅតែរីករាយចំពោះវត្តមាន របស់ Eden Hazard នៅក្នុងឆ្នាំនេះ ប៉ុន្តែអះអាងថា គាត់មិនដែលមានបទពិសោធ ក្នុងការព្យាយាមរក្សាទុក កីឡាកររូបណា ដែលមិនមានបំណងចង់បន្តលេង ជាមួយគាត់នោះឡើយ។

កីឡាករខ្សែប្រយុទ្ធប៊ែលហ្ស៊ិករូបនេះ ចាប់តាំងតែពីបានផ្ទេរមកចូលរួម Real Madrid ពី Chelsea នោះបានទទួលរងរបួស រហូតមកជាង២ឆ្នាំកន្លះមកហើយ ហើយមិនសូវជា បានបង្ហាញទំរង់លេងល្អ តាមការរំពឹងទុកនោះឡើយ ហើយលើសពីនោះតំណែងរបស់គាត់ ហាក់ដូចជាបានបាត់បង់បន្តិចៗម្តង ទៅឲ្យកីឡាករ Vinicius Junior ផងដែរ។

ថ្លែងទៅកាន់ក្រុមអ្នកកាសែត អំពីបញ្ហានេះលោក Ancelotti បានបញ្ជាក់បែបនេះថា៖ ក្នុងអាជីពរបស់ខ្ញុំកន្លងមក ខ្ញុំមិនដែលបង្ខំឲ្យកីឡាករណាម្នាក់ ក្នុងការបន្តរស់នៅជាមួយនឹងខ្ញុំនោះទេ ប្រសិនបើពួកគេចង់ចាកចេញ ប៉ុន្តែសម្រាប់ Hazard វិញពេលនេះ គាត់មិនមានបញ្ហាអ្វីឡើយ ទាំងរបួសនិងទំរង់លេង ហើយក្លឹបនៅតែសប្បាយចិត្ត ទៅនឹងការវិវត្តរបស់គាត់ជាធម្មតា៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top