បុរសជនជាតិបារាំង Arsene Wenger នៅសប្តាហ៍នេះ បានធ្វើការសារភាពថា លោកពិតជាខ្វាក់ភ្នែក ចំពោះសេចក្តីស្រឡាញ់ យ៉ាងខ្លាំងក្លា របស់គាត់ជាមួយនឹង ក្លឹបដែលលោក ពេញចិត្តបំផុត ហើយបានធ្វើឲ្យវាក្លាយ ទៅជាអនុស្សាវរីយ៍ដ៏ជូរចត់ទៅវិញ ក្នុងនាមជាគ្រូបង្វឹក ដែលត្រូវបានក្លឹប បណ្តេញចេញ ។
លោក Wenger បានសារភាពថា លោកពិតជាសោកស្តាយ ពីព្រោះថា លោកគួរតែបានសម្រេចចិត្ត ក្នុងការចាកចេញពី Emirates នេះតាំងតែពី១០ឆ្នាំ មុនមកម្ល៉េះពោល គឺតាំងតែពីឆ្នាំ២០០៧ គឺជាពេលវេលាដំបូង ដែលលោកចាប់ផ្តើមមាន អារម្មណ៍ថា តានតឹងជាមួយនឹង គណកម្មការប្រធានក្លឹប ។
គួរឲ្យដឹងដែរថា លោក Wenger បានចាប់ផ្តើមអាជីព ជាគ្រូបង្វឹករបស់កាំភ្លើងធំ Arsenal តាំងតែពីឆ្នាំ១៩៩៦ និងបានទទួលឈ្មោះ ជាគ្រូបង្វឹក ដ៏ជោគជ័យមួយ ក្នុងចំណោម គ្រូបង្វឹក ឆ្នើមៗជំនាន់គាត់ដូច ជាលោកតា Sir Alex Ferguson ជាដើមប៉ុន្តែបែរជាត្រូវបានបណ្តេញ ចេញពីតំណែងកាលពីឆ្នាំ២០១៨ ទាំងគួរ ឲ្យសោកស្តាយទៅវិញ៕
ប្រែសម្រួល៖ស៊ុនលី