កីឡា

បិទវគ្គបណ្តុះបណ្តាលកីឡា អាជ្ញាកណ្តាល អុកចត្រង្គកម្ពុជា កម្រិតអន្តរជាតិ

ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលអាជ្ញាកណ្ដាល កីឡាអ្កចត្រង្គកម្ពុជាកម្រិតអន្តរជាតិត្រូវ បានបញ្ចប់ជាផ្លូវការហើយនៅល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បន្ទាប់ពីដំណើរការអស់រយៈពេល៥ថ្ងៃក្រោយការប្រើប្រាស់ថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា។

វគ្គនេះមានអាជ្ញាកណ្តាលចូលរួមសិក្សាសរុបចំនួន ៣២នាក់មកពី១៦ក្លិបរាជធានី-ខេត្ត ដែលជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា។ យោងតាមរបាយការណ៍ពីលោកគ្រូឧទ្ទេសប្រចាំវគ្គ ការសិក្សាអស់រយៈពេល០៥ថ្ងៃនេះ មានការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ប្រកបដោយ ភាពទទួលខុសត្រូវ លទ្ធផលនៃការសិក្សាគឺនិទ្ទេសល្អ ២០នាក់និទ្ទេសល្អបង្គួរ ៨នាក់ និងនិទ្ទេសមធ្យម ៤នាក់។

គ្រូឧទ្ទេសសម្រាប់វគ្គនេះមានលោកគ្រូ ហូយ សូណា និងលោកគ្រូ ប៊ិន គាសេង ក្រោមការផ្តល់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២១ ដោយប្រើប្រាស់កញ្ចប់ថវិកាចំនួន ៣៥ភាគរយ នៅក្នុងចំណោមការកំណត់ជាបីមុខសញ្ញា គឺការងាររដ្ឋបាល២០ភាគរយ ការងារបណ្តុះបណ្តាល៣៥ភាគរយ និងការងារប្រកួត៤៥ភាគរយ។

លោក ទុយ វិច្ឆិកា អ្នកគ្រប់គ្រងវគ្គបញ្ជាក់ថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលកម្រិតអន្តរជាតិ នាពេលនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការពង្រឹង និងពង្រីកធនធានមនុស្ស ដើម្បីអភិវឌ្ឍវិស័យកីឡាអុកចត្រង្គ នៅព្រះរាជាណាចក្រកម្ពុជាឱ្យទទួលបាននូវលទ្ធផលល្អ ក្នុងការដឹកនាំការប្រកួតលើឆាកអន្តរជាតិនានា ក៏ដូចជាការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះផងដែរ។

លោក ប៉ែន វុទ្ធី អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា នៃក្រសួងអប់រំ យុវជន និងកីឡាស្នើឲ្យសិក្ខាកាមទាំងអស់បន្តកិច្ចខំប្រឹងប្រែងបន្ថែមទៀត ដើម្បីអភិរក្ស និងអភិវឌ្ឍវិស័យកីឡាអុកចត្រង្គ របស់កម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ពីព្រោះកីឡាអុកចត្រង្គនេះ គឺជាប្រភេទកីឡាប្រពៃណីជាតិខ្មែរ ហើយតាមរយៈវគ្គបណ្តុបណ្តាលនេះ លោកជឿជាក់ថា សិក្ខាកាមទាំងអស់ ដែលមកពី១៦ក្លិបនៃរាជធានី-ខេត្តនឹងយកចំណេះដឹង ក្បួនច្បាប់នៃការលេងកីឡាអុកនេះទៅផ្សព្វផ្សាយឲ្យបានទូលាយ និងកសាងធនធានអុកចត្រង្គឲ្យកាន់តែសម្បូរបែបបន្ថែមទៀត៕

Most Popular

To Top