បរទេស៖ គ្រូបង្វឹកជម្រើសជាតិស៊ែប៊ី (Serbia) លោក Veljko Paunovic បានបង្ហាញពីការផ្តោតសំខាន់ លើយុទ្ធសាស្ត្រ របស់ក្រុមខ្លួន មុនពេលបើកទ្វារទទួលស្វាគមន៍ក្រុមជម្រើសជាតិអាល្លឺម៉ង់ សម្រាប់ការប្រកួតក្របខ័ណ្ឌ UEFA Nations League នាថ្ងៃសុក្រនេះ។ លោក Paunovic បានសង្កត់ធ្ងន់ថា ក្រុមរបស់លោកត្រូវតែបង្ហាញពីភាពធន់ និងវិន័យក្នុងការការពារ នៅពេលប្រកួតទល់នឹងក្រុមរបស់លោក Jurgen Klopp ក្នុងទីក្រុង Belgrade នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GIAl ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
ក្រុមជម្រើសជាតិអាល្លឺម៉ង់នឹងធ្វើដំណើរទៅកាន់ទីក្រុង Belgrade ដើម្បីប្រកួតជាមួយក្រុមស៊ែប៊ី នៅថ្ងៃសុក្រ ក្នុងការប្រកួតដ៏សំខាន់នៃពូល A2 នៃក្របខ័ណ្ឌ UEFA Nations League។ ក្រុមដែលដឹកនាំដោយលោក Jurgen Klopp បច្ចុប្បន្នកំពុងឈរនៅលេខ ៣ ក្នុងពូល ដោយតាមពីក្រោយក្រុមកំពូលតារាងទាំងពីរចំនួន ៣ ពិន្ទុ ខណៈដែលក្រុមបាតតារាងស៊ែប៊ីកំពុងប្រយុទ្ធដើម្បីគេចផុតពីការកាត់ចោលពីលីគ (relegation)។
គ្រូបង្វឹកជម្រើសជាតិស៊ែប៊ី លោក Veljko Paunovic បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅមជ្ឈមណ្ឌលកីឡា FSS Sports Center ក្នុងទីក្រុង Stara Pazova មុនពេលប្រកួតទល់នឹងក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ (Die Mannschaft) នៅកីឡដ្ឋាន Rajko Mitic Stadium។
ទោះបីជាស៊ែប៊ីកំពុងជួបការលំបាកក្នុងយុទ្ធនាការនេះ ក៏ដោយ ក៏លោក Paunovic ចាត់ទុកការប្រកួតជាមួយអាល្លឺម៉ង់ ជាឱកាសដ៏ល្អមួយ ដើម្បីបង្ហាញពីការវិវឌ្ឍសមត្ថភាពក្នុងការប្រកួតប្រជែងរបស់ខ្លួន។
លោក Paunovic បានសង្កត់ធ្ងន់ថា ក្រុមរបស់លោកត្រូវតែបង្ហាញការលេងប្រកបដោយវិន័យ និងសេចក្តីថ្លៃថ្នូរ នៅពេលប្រឈមមុខនឹងប្រព័ន្ធលេងដែលមានសម្ពាធខ្ពស់របស់អាល្លឺម៉ង់។
លោក Paunovic បានបញ្ជាក់ថា៖ “យើងចាត់ទុកការប្រកួតទល់នឹងហូឡង់ ជាស្តង់ដារមួយ។ ក្នុងទិសដៅនោះ យើងចង់កែលម្អការលេង ប្រសិទ្ធភាព និងភាពស៊ីសង្វាក់គ្នារបស់យើង។ យើងបានបន្សល់ទុក នូវរូបភាពមួយដែលពេលនេះយើងត្រូវតែបញ្ជាក់ឱ្យច្បាស់។ ខ្ញុំចង់ឱ្យពួកយើងលេង ដោយសេចក្តីថ្លៃថ្នូរនៅលើទីលាន បង្ហាញការទប់ទល់ជាមួយគូប្រកួតនៅពេលគ្មានបាល់ និងមានគំនិតច្នៃប្រឌិតនៅពេលមានបាល់។”
ប្រែសម្រួល៖ គីរី
