កីឡា

លោក Mourinho បង្ហើបប្រាប់ Cucurella ពីរឿងចាក់សាក់រូបមុខលោកនៅលើខ្លួន

​បរទេស៖ អ្នកចាត់ការទូទៅក្រុម Real Madrid លោក Jose Mourinho កំពុងបញ្ចុះបញ្ចូលខ្សែការពារ Marc Cucurella ឱ្យចាក់សាក់រូបមុខរបស់លោកនៅលើដងខ្លួន ដើម្បីឱ្យដូចទៅនឹងស្នាមសាក់រូបអ្នកចាត់ការក្រុមជម្រើសជាតិអេស្ប៉ាញ លោក Luis de la Fuente ដែលកីឡាកររូបនេះមានរួចមកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNAថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

Cucurella បានសន្យាមុនការប្រកួតពានរង្វាន់ World Cup ឆ្នាំនេះថា ប្រសិនបើអេស្ប៉ាញឈ្នះពានរង្វាន់នេះ គេនឹងផ្តល់កិត្តិយសដល់លោក De la Fuente។ បន្ទាប់មក គេបានត្រឡប់មកប្រទេសវិញកាលពីខែកក្កដា ជាមួយនឹងមេដាយជ័យលាភី មុនពេលចូលរួមការប្រមូលផ្តុំក្រុមជម្រើសជាតិលើកក្រោយ ជាមួយនឹងស្នាមសាក់ថ្មីនៅលើដងខ្លួន។

Cucurella បានប្រាប់ស្ថានីយវិទ្យុអេស្ប៉ាញ Cadena Cope នៅពេលសួរអំពីស្នាមសាក់រូបលោក De la Fuente ថា៖ “និយាយដោយស្មោះ ខ្ញុំមិនស្តាយក្រោយទេ។”

“ខ្ញុំដឹងថាអ្នកនឹងសួរខ្ញុំពីរឿងនេះ។ មនុស្សមួយចំនួនថែមទាំងបានស្នើឱ្យខ្ញុំចាក់សាក់រូបមុខលោក Mourinho លើខ្លួនរបស់ខ្ញុំទៀតផង។”

បន្ទាប់ពីផ្លាស់ទៅកាន់ក្រុម Real Madrid កាលពីខែកក្កដា Cucurella បានបញ្ជាក់ថា អ្នកចាត់ការថ្មីរបស់គេក៏បានស្នើឱ្យមានការផ្តល់កិត្តិយសស្រដៀងគ្នានេះដែរ។ គេបាននិយាយថា៖ “ខ្ញុំចាំបានថា លោក Mourinho បានផ្ញើរូបថតមួយសន្លឹកមកខ្ញុំ ដែលបង្ហាញពីដើមទ្រូងរបស់ខ្ញុំដោយមានស្នាមសាក់រូបមុខរបស់គាត់នៅលើនោះ។”

​គួរបញ្ជាក់ផងដែរថា Cucurella ក៏ធ្លាប់បានបំពេញការសន្យាលាបសក់ពណ៌ក្រហម បន្ទាប់ពីក្រុមជម្រើសជាតិអេស្ប៉ាញបានឈ្នះជើងឯកអឺរ៉ុប ឆ្នាំ២០២៤ (Euro 2024) ផងដែរ។

ប្រែសម្រួល៖ គីរី

Most Popular

To Top