ភ្នំពេញ៖នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងជាប្រធានសហព័ន្ធកីឡារាំកម្ពុជា បានមានប្រសាសន៍ថា ការរៀបការរៀបចំការប្រកួតកីឡាជាតិ លើប្រភេទកីឡារាំ នាពេលនេះពិតជាបានបង្ហាញអំពីសុខសន្តិភាព និងការអភិវឌ្ឍលើវិស័យកីឡារបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាព្រឹត្តិការណ៍មួយដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកីឡា និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សង្គមដូចជាសេដ្ឋកិច្ច វប្បធម៌ ការលើកកម្ពស់មុខមាត់ជាតិ ទីផ្សារពាណិជ្ជកម្ម និងសុខភាព ជាដើម។

លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងជាប្រធានសហព័ន្ធកីឡារាំកម្ពុជាបានលើកឡើងក្នុងឱកាសបិទបញ្ចប់ដោយជោគជ័យ ការប្រកួតកីឡារាំ កាលពីល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦។
លោកស្រីប្រធានសហព័ន្ធ គូសបញ្ជាក់ថា ការប្រកួតនេះបានផ្តល់ឱ្យកីឡាករ កីឡាការិនី កីឡារាំ អាចសាកល្បងសមត្ថភាព មុនពេលចូលរួមប្រកួតអន្តរជាតិនានា និងត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៧នៅប្រទេសម៉ាឡេស៊ី ក៏ដូចចេញទៅប្រកួតនៅបណ្តាប្រទេសនានានៅលើឆាកអន្តរជាតិផងដែរ។ ជាការពិត វិស័យកីឡាដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យទំនាក់ទំនងអន្តជាតិ។ ការប្រកួតកីឡាជាតិ រៀងរាល់០២ឆ្នាំម្តង ឆ្លុះបញ្ចាំងឱ្យឃើញនូវការរឹតចំណងមិត្តភាព សាមគ្គីភាព, និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាង ក្លឹបនិងក្លឹប ដែលជាសមាជិកទាំងអស់របស់សហព័ន្ធកីឡារាំកម្ពុជា។

យ៉ាងទៀត វិស័យកីឡារាំនេះ ក៏ជាឱកាសសម្រាប់ការផ្លាស់ប្តូរ ទាំងបច្ចេកទេស តិចនិច ទាំងបទពិសោធន៍ក្នុងការប្រកួតកីឡា ដែលជាមរតកវប្បធម៌ និងជាសិល្បៈ ការពារខ្លួនរបស់សមាគមក្លឹបកីឡារាំនីមួយៗ។ ការប្រកួតកីឡារាំនេះ ក៏ជាការបំផុសស្មារតីមហាជនឱ្យកាន់តែស្រឡាញ់ និងគាំទ្រវិស័យកីឡា ហើយក៏ជាការលើកកម្ពស់កិត្តិសព្ទកីឡារបស់ប្រទេសកម្ពុជា ឱ្យកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ កម្ពុជាទៅដល់ទីណាគឺមានទង់ជាតិកម្ពុជា បង្ហាញឱ្យអន្តរជាតិបានស្គាល់នៅទីនោះ។

លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជាបានជម្រាបជូនថា ការប្រកួតកីឡារាំ ក្នុងព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦នេះមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមសរុបចំនួន ៣៩នាក់មកពី២ក្រសួង និង៣ខេត្ត។ សហព័ន្ធបានរៀបចំលើវិញ្ញាសាចំនួន៧ ក្រោមការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា។
លោកស្រីអគ្គលេខាធិការបានសង្កត់ធ្ងន់ពីសារសំខាន់ ក្នុងការការរៀបចំប្រកួតកីឡារាំ ក្នុងកីឡាជាតិនេះធ្វើឡើង ក្នុងគោលបំណង ត្រៀមលក្ខណៈចូលរួមប្រកួតកីឡាអន្តរជាតិនានា ជាពិសេសត្រៀមលក្ខណៈចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នំា២០២៧ ក្នុងការឈានទៅដណ្តើមយកមេដាយជូនជាតិ។ បច្ចុប្បន្ននេះសហព័ន្ធកីឡារាំកម្ពុជាកំពុងស្វែងរកដៃគូឧបត្ថម្ភសម្រាប់ធ្វើការអភិវឌ្ឍន៍កីឡារាំឱ្យកាន់តែមានគុណផលកាន់តែល្អប្រសើរ។ ផ្តល់នូវកិច្ចសហការក្នុងស្មារតីកីឡាជាតិ ក្នុងគោលដៅតែមួយ គឺស្វែងរកកិត្តិយសកិត្យានុភាពជាតិ និងឧត្តមភាពកីឡាជាតិក្រោមប្រធានបទ «កីឡាដើម្បីឯកភាពជាតិ»៕
ដោយ៖លី ភីលីព




