ភ្នំពេញ៖នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា “NOCC” និងអគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជា និងលោក អ៊ិច សុខមនី អគ្គលេខាធិការរងសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានអញ្ជើញ ប្រកាសបិទ “វគ្គបណ្តុះបណ្តាល ស្តីពីច្បាប់ប្រកួត នៃកីឡាការ៉ាតេពិភពលោក សម្រាប់អាជ្ញាកណ្តាល ចៅក្រមជាតិ” ដែលរៀបចំដោយសហព័ន្ធកីឡាការ៉ាតេកម្ពុជា ក្រោមការប្រើប្រាស់ថវិកាគាំទ្រប្រចាំឆ្នាំ២០២៦របស់ក្រសួងអប់រំ យុវជន និងកីឡា នៅសាលប្រជុំទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា “NOCC” ។

លោក ប៉ែន រតនា ជាសមាជិកប្រតិបត្តិសហព័ន្ធកីឡាការ៉ាតេកម្ពុជា និងជាគ្រូបង្គោល បានប្រាប់ថា “វគ្គបណ្តុះបណ្តាលស្តីពីច្បាប់ប្រកួតនៃកីឡាការ៉ាតេពិភពលោក សម្រាប់អាជ្ញាកណ្តាល ចៅក្រមជាតិ” បានចាប់ដំណើរការតាំងពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលមានសិក្ខាកាមចំនួន ២៥ នាក់មកពីរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកណ្តាល និងព្រះសីហនុ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា។

សហព័ន្ធបានរៀបចំវគ្គនេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយ នៅច្បាប់ការ៉េតពិភពលោក (WKF) និង ការពង្រឹងសមត្ថភាពអាជ្ញាកណ្តាល និងគ្រូដឹកនាំឲ្យកាន់តែយល់ច្បាស់ ពីច្បាប់ថ្មីផងដែរ ជាពិសេសមុន ការប្រកួតជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោមការប្រើប្រាស់ថវិកាគាំទ្រ ប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងអគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានមានប្រសាសន៍ថា អាជ្ញាកណ្តាល ចៅក្រមដើរតួនាយ៉ាងសំខាន់ក្នុងការប្រកួតកម្រិតជាតិ និងអន្តរជាតិដោយឈរលើភាពយុត្តធម៌ និងមិនលម្អៀង៕
ដោយ៖លី ភីលីព





