បច្ចេកវិទ្យា

Facebook បិទគណនី របស់លោក ដូណាល់ ត្រាំ រយៈពេល២ឆ្នាំ

សាន់ហ្រ្វាន់ស៊ីស្កូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ថា ក្រុមហ៊ុន Facebook កាលពីថ្ងៃសុក្រ បានហាមប្រាមគណនីរបស់លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក រយៈពេល២ឆ្នាំ ដោយបានលើកឡើងថា លោកសមនឹងទទួលទោស ជាអតិបរិមាចំពោះការរំលោភបំពានលើច្បាប់របស់ខ្លួន ជុំវិញការវាយប្រហារដ៏សាហាវមួយដោយ អ្នកគាំទ្ររបស់លោក នៅវិមាន កាពីតូល ។

លោក Nick Clegg អនុប្រធានទទួលបន្ទុកកិច្ចការពិភពលោកបានលើកឡើងថា “ ដោយសារភាពធ្ងន់ធ្ងរនៃកាលៈទេសៈដែលនាំឱ្យមានការផ្អាកគណនីរបស់លោក ត្រាំ យើងជឿជាក់ថា សកម្មភាពរបស់លោកបង្កើតបានជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់របស់យើងដែលសមនឹងទទួលបានការពិន័យខ្លាំងបំផុតដែលស្ថិតក្រោមច្បាប់នៃការអនុវត្តច្បាប់ថ្មី” ។

Facebook ក៏បានឲ្យដឹងផងដែរថា ខ្លួននឹងមិនផ្តល់អភ័យឯកសិទ្ធិដល់អ្នកនយោបាយទៀតទេ ចំពោះខ្លឹមសារឆបោកឬរំលោភបំពាននៅលើបណ្តាញសង្គមដោយផ្អែកលើការអត្ថាធិប្បាយរបស់ពួកគេ ដែលគួរឱ្យចាប់អារម្មណ៍ ។

គួររំលឹកថា កាលពីខែឧសភា ក្រុមប្រឹក្សាត្រួតពិនិត្យឯករាជ្យរបស់ Facebook បានគាំទ្រទៅលើការហាមឃាត់របស់ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សលើលោក ត្រាំ ដែលត្រូវបានអនុវត្ត បន្ទាប់ពីមានកុប្បកម្មនៅថ្ងៃទី០៦ ខែមករា នៅឯការិយាល័យកាពីតូល សហរដ្ឋអាមេរិក ដោយសារតែក្រុមហ៊ុននេះបានឲ្យដឹងថា ការប្រកាសរបស់លោកកំពុងញុះញង់ឱ្យមានអំពើហិង្សា ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមប្រឹក្សាភិបាលបានសម្រេចថា វាមិនត្រឹមត្រូវទេក្នុងការធ្វើឱ្យការហាមឃាត់មិនកំណត់ និងផ្តល់រយៈពេលប្រាំមួយខែដើម្បីកំណត់ “ការឆ្លើយតបសមាមាត្រ” នោះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top