បច្ចេកវិទ្យា

សម្ភារៈសាមញ្ញៗ របស់ Steve Jobs នឹងយកទៅដាក់ដេញថ្លៃ ក្នុងតម្លៃខ្ពស់!

សម្ភារៈប្រើប្រាស់ជាប្រចាំថ្ងៃមួយចំនួន របស់សហស្ថាបនិកនិងអតីត CEO របស់ Apple លោក Steve Jobs ដែលជាអនុស្សាវរីយ៍ចុងក្រោយរបស់លោក ដូចជាអាវធំ និងនាមបណ្ណ ត្រូវបានដាក់ដេញថ្លៃក្នុងតម្លៃរំពឹងទុកខ្ពស់មិនធម្មតា។

នាមបណ្ណរបស់ Steve Jobs នៃក្រុមហ៊ុនកុំព្យូទ័រ Apple នឹងត្រូវបានដាក់ដេញថ្លៃចាប់ពីតម្លៃ ៣០០ដុល្លារឡើងទៅ ដោយមានការរំពឹងទុកថា វានឹងបញ្ចប់នៅតម្លៃខ្ពស់ជាង ៤០០០ដុល្លារ ឯណោះ។ វាក៏បានភ្ជាប់មកជាមួយនូវ នាមបណ្ណរបស់បុគ្គលិក Apple ចំនួន ១៧ ផ្សេងទៀតផងដែរ។

រីឯវត្ថុមួយទៀតនោះ គឺការដេញថ្លៃអាវធំ Wingz World Tour 1989 ដែល Steve Jobs ធ្លាប់បានពាក់។ វាត្រូវបានដាក់ដេញថ្លៃចាប់ពីតម្លៃ ២០០ដុល្លារ ឡើងទៅ ដោយមានការរំពឹងទុកថា វានឹងបញ្ចប់នៅតម្លៃប្រមាណជាង ៦០០ដុល្លារ។

ការដេញថ្លៃសម្រាប់របស់អនុស្សាវរីយ៍របស់ Steve Jobs នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី១២ ខែសីហា នៅលើគេហទំព័រដេញថ្លៃ RR Auction។

គួរបញ្ជាក់ថាកាលពីកន្លងទៅថ្មីៗនេះ ពាក្យសុំការងារក្នុងទម្រង់សន្លឹកចាស់មួយ ដែលមានទឹកប៊ិច របស់ Steve Jobs ក៏ត្រូវបានដាក់ដេញថ្លៃផងដែរ ដោយតម្លៃបញ្ចប់របស់វាឡើងខ្ពស់ដល់ទៅ ៣៤៣ ម៉ឺនដុល្លារ ឯណោះ៕

ប្រភព៖http://sabay

Most Popular

To Top