ក្រុមហ៊ុន Honda គ្រោងនឹងបញ្ចេញរថយន្តវ៉ែនរបស់ខ្លួនម៉ូដែល Step WGN 2022 ក្នុងពិព័រណ៌យានយន្ត Tokyo Auto Salon 2022 នៅថ្ងៃទី១៥មករាខាងមុខ។
រថយន្តនេះត្រូវបានអភិវឌ្ឍន៍ដល់ជំនាន់ទី៦ ដោយរក្សាការឌីហ្សាញបែបប្រអប់ដដែល ដើម្បីឱ្យផ្នែកខាងក្នុងធំទូលាយ ប៉ុន្តែរូបរាងខាងក្រៅ ស្អាតជាងជំនាន់ទី៥ ដោយបំពាក់ជាមួយចង្កៀង LED រាងចតុកោណកែង ភ្ជាប់គ្នាជាមួយប៉ាណាដ៏ធំមួយ។
រថយន្ត Honda Step WGN 2022 មានជម្រើសប្រើម៉ាស៊ីនសាំងសុទ្ធ និងម៉ាស៊ីន Hybrid។ វាមាន option ចំនួន៣ គឺ Air, Spada និង Spada Premium Line។ សម្រាប់ option Spada និង Spada Premium មានក្រូមេច្រើន ប៉ាណាធំជាង option Air និងមាន Spoiler នៅខាងក្រោយ។
ផ្ទៃខាងក្នុងរបស់រថយន្តនេះ គឺមានភាពទូលាយ បង្អួចក៏ធំផ្តល់នូវពន្លឺចេញចូលភ្លឺច្បាស់ដល់កាប៊ីន ឯទ្វារសងខាងជាប្រភេទទ្វារស្លាយដោយគ្រាន់តែចុចប៊ូតុងវាបិទបើកអូតូ។ វាបំពាក់អេក្រង់ ១១,៤អ៊ីញ ប្រើប្រាស់ជាមួយកម្មវិធី Honda CONNECT Navi ហើយនៅខាងក្រោយក៏មានអក្រង់ទំហំ ១៥,៦អ៊ីញ បង្ហាញរូបភាពកម្រិត HD ទៀតផង។
កៅអីជួរទីពីររបស់ Honda Step WGN 2022 អាចរុញខ្ទប់ទៅកៀន ឬទៅមុខទៅក្រោយបាន។ មិនតែប៉ុណ្ណោះ កៅអីជួរទី២ និងទី៣ អាចរៀបចំទៅជាគ្រែគេងបានទៀតផង។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Honda មិនទាន់បានទម្លាយលម្អិតអំពីលក្ខណៈបច្ចេកទេស និងតម្លៃនៃរថយន្តនេះឡើយ ដោយរង់ចាំបង្ហាញជាផ្លូវការក្នុងពិព័រណ៌ខាងលើតែម្តង៕ Source: Sabay