បច្ចេកវិទ្យា

ក្រសួងដឹកជញ្ជូន ត្រួតពិនិត្យក្រុមហ៊ុនបុត្រសម្ព័ន្ធ Toyota Hino ជុំវិញការលួចទិន្នន័យ

តូក្យូ៖ ក្រសួងដឹកជញ្ជូន របស់ប្រទេសជប៉ុន បានធ្វើការត្រួតពិនិត្យ នៅនឹងកន្លែងកាលពីថ្ងៃច័ន្ទ នៃក្រុមហ៊ុន Hino Motors Ltd ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ផលិតរថយន្តដឹកទំនិញ របស់ក្រុមហ៊ុន Toyota Motor Corp បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្ត បានសារភាពកាលពីសប្តាហ៍មុនថា បានបញ្ជូនទិន្នន័យ ការបំភាយឧស្ម័នក្លែងក្លាយ និងទិន្នន័យសេដ្ឋកិច្ចប្រេងទៅអាជ្ញាធរ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

មន្ត្រីនៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍បានស្វែងរក ទីស្នាក់ការក្រុមហ៊ុន និងទីតាំងផ្សេងទៀតក្នុងទីក្រុងតូក្យូ ដោយមិនមានការជូនដំណឹងជាមុន ដោយផ្អែកលើច្បាប់ដឹកជញ្ជូនផ្លូវគោក។
ក្រសួងគ្រោងនឹងធ្វើការ ចុះត្រួតពិនិត្យបន្ថែមទៀត លើទីតាំងផលិត។ ក្រសួងបានស្នើឲ្យក្រុមហ៊ុន Hino អាចត្រូវបានបង្ខំឲ្យបញ្ឈប់ការផលិត ប្រសិនបើការស៊ើបអង្កេតរកឃើញថា ក្រុមហ៊ុនបានបំពានច្បាប់។

ក្រុមហ៊ុនHino បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ការប្រើប្រាស់ទិន្នន័យក្លែងបន្លំ បានបន្តចាប់តាំងពីយ៉ាងហោចណាស់ឆ្នាំ ២0១៦ ដោយបានផ្អាកនៅថ្ងៃដដែល ការនាំចេញយានយន្តមានម៉ាស៊ីន ដែលតួលេខនេះត្រូវបានគេប្រើប្រាស់ ហើយប្រហែលជា មិនស្របតាមស្តង់ដារជប៉ុន។ ក្រសួងបានបញ្ជាឲ្យក្រុមហ៊ុនផលិតរថយន្ត ប្រមូលរថយន្តដែលពាក់ព័ន្ធ មកវិញនៅថ្ងៃសុក្រ៕ ដោយ៖លី ភីលីព

Most Popular

To Top