តើលោកអ្នកធ្លាប់ជួប បញ្ហារលត់រថយន្ត តាមផ្លូវដែរឬទេ ទាំងដែលកម្រិតប្រេងម៉ាស៊ីន និងទឹកស្អំនៅពេញធម្មតា?
ជាទូទៅ ប្រសិនបើប្រេងម៉ាស៊ីន ឬទឹកស្អំ រីងស្ងួតពេលកំពុងបើកបរ នឹងធ្វើឱ្យម៉ាស៊ីនឡើងកម្តៅហើយឈានដល់ការ គុបប៉េម៉ាស៊ីនរលត់តែម្តង។ ប៉ុន្តែបើកម្រិតប្រេង និងទឹក នៅពេញធម្មតា តែរថយន្តអ្នកជិះសុខៗស្រាប់តែរលត់ នោះលោកអ្នកត្រូវគិតពីបញ្ហាមួយចំនួន ដែលអាចកើតឡើងចំពោះរថយន្តអ្នកដូចខាងក្រោមនេះ ៖
១. ឌីណាម៉ូ: វាជាអ្នកឱ្យភ្លើងសម្រាប់រថយន្ត និងសាកអាគុយ ហើយបើវាខូច វាក៏នឹងកាត់ផ្តាច់ចរន្តអគ្គិសនីក្នុងរថយន្ត ដែលអាចបណ្តាលឱ្យរថយន្តរលត់ក្នុងពេលបើកបរ។

២. បូមសាំងៈ វាជាអ្នកបញ្ជូនសាំងពីធុងសាំង ទៅម៉ាស៊ីន និងរក្សាសម្ពាធសាំង ដូច្នេះបើវាខូច នោះសម្ពាធសាំងនឹងស្ថិតក្រោមកម្រិតដែលម៉ាស៊ីនត្រូវការ ហើយនឹងឈានដល់ការរលត់តែម្តង។

៣. កុងទ័រសាំងខូចដោយមិនដឹងខ្លួនៈ ជួនកាលនៅពេលអ្នកជិះលើផ្លូវរលាក់ខ្លាំង វាអាចបណ្តាលឱ្យខូចកុងទ័រសាំង ដែលធ្វើឱ្យអ្នកមិនអាចដឹងពីបរិមាណសាំងដែលនៅសល់ និងភ្លេចខ្លួនរហូតដល់ជិះអស់សាំង។

៤. បញ្ហាប្រព័ន្ធខ្យល់ៈ បើម៉ាស៊ីនរថយន្តពុំមានខ្យល់ចូលគ្រប់គ្រាន់ដើម្បីដុតបញ្ឆេះជាមួយសាំង ក៏អាចបណ្តាលឱ្យរថយន្តរលត់ដែរ។ ក្នុងប្រព័ន្ធខ្យល់មានដូចជា កហ្គែរ តម្រងខ្យល់ និង Mass Air Flow Sensorជាដើម។

៥. ប៊ូស៊ីៈ វាជាអ្នកផ្តល់ផ្កាភ្លើងដើម្បីដុតបញ្ឆេះសាំងជាមួយល្បាយខ្យល់ក្នុងបន្ទប់ចំហេះ ដើម្បីដំណើរការរថយន្តបាន ប៉ុន្តែបើវាមានភាពកខ្វក់ខ្លាំង ឬខូច វាមិនអាចធ្វើការបានឡើយ ដែលជាមូលហេតុនាំឱ្យរលត់រថយន្តផងដែរ។

៦. ប្រព័ន្ធ ECU: វាជាខួរក្បាលប្រព័ន្ធម៉ាស៊ីនរថយន្តតែម្តង ពោលគឺវាមានតួនាទីជាអ្នកប្រមូលព័ត៌មានពីប្រព័ន្ធម៉ាស៊ីន និងគណនាការដុតកម្រិតសាំង និងល្បាយខ្យល់ ឱ្យបានត្រឹមត្រូវ។ បើប្រព័ន្ធ ECU នេះមានបញ្ហា នោះរថយន្តអ្នកអាចនឹងបាត់បង់ថាមពលភ្លាមៗ ចេញសញ្ញា check និងអាចរលត់ម៉ាស៊ីនផងដែរ៕

