បច្ចេកវិទ្យា

លោកស្រី Ivanka Trump និងលោក Bill Gates ក្នុងចំណោមភ្ញៀវពិសេស ក្នុងកម្មវិធី Pre Wedding កូនប្រុស របស់មហាសេដ្ឋីអាស៊ីនៅឥណ្ឌា

AFP

ឥណ្ឌា ៖ តារាល្បី និង អ្នកជំនួញប្រហែល ១២០០នាក់រួមទំាងកូនស្រីច្បង របស់លោក Donald Trump គឺលោកស្រី Ivanka ក៏ដូចជាមហាសេដ្ឋី បច្ចេកវិទ្យាលោក Bill Gates និងលោក Mark Zuckerberg បានចូលរួមក្នុងកម្មវិធី Pre Wedding រយៈពេល ៣ ថ្ងៃសម្រាប់លោក Anant Ambani កូនប្រុសរបស់មហាសេដ្ឋីអាស៊ីលោក Mukesh Ambani ។

លោក Ambani អាយុ ៦៦ ឆ្នាំ គឺជាប្រធានក្រុមហ៊ុន Reliance Industries ដែលធ្វើអាជីវកម្មលើថាមពល គីមីឥន្ធនៈ ការលក់រាយ ទូរគមនាគមន៍ ប្រព័ន្ធផ្សព្វផ្សាយមហាជន ការកម្សាន្ត និងវាយនភណ្ឌ។ យោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg ថា មហាសេដ្ឋីឥណ្ឌា គឺជាអ្នកមានបំផុតទី ១១ នៅលើពិភពលោក និងលេខ ១ នៅអាស៊ីជាមួយនឹងទ្រព្យសម្បត្តិសរុបប្រមាណ ១១១ ពាន់លានដុល្លារ។

នេះបើយោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកថា កូនប្រុសពៅ របស់លោកឈ្មោះ Anant អាយុ ២៨ ឆ្នាំ គ្រោងនឹងរៀបការជាមួយ Radhika Merchant ដែលជាកូនស្រីរបស់ CEO នៃក្រុមហ៊ុនឱសថ Encore Healthcare និងក្រុមហ៊ុនថែទាំសុខភាពអ្នកប្រើប្រាស់ Viren Merchant នៅខែកក្កដានេះ ។ កាលពីថ្ងៃសុក្រ ពិធីរៀបអាពាហ៍ពិពាហ៍ដ៏ប្រណីត មួយត្រូវបានប្រារព្ធធ្វើនៅក្នុងទីក្រុង Jamnagar នៅឆ្នេរភាគខាងលិច ប្រទេសឥណ្ឌា ។

ទស្សនាវដ្ដី Time បាននិយាយថា បញ្ជីភ្ញៀវរួម មានតារាល្បីៗ និងអ្នកជំនួញជនជាតិឥណ្ឌា និងអន្តរជាតិប្រហែល ១២០០ នាក់ រួមទាំងសហស្ថាបនិក ក្រុមហ៊ុនវិនិយោគ BlackRock លោក Larry Fink និងអតីតនាយករដ្ឋមន្ត្រីកាណាដា Stephen Harper ។ ចំណែក Reuters បានរាយការណ៍ថា នាយកប្រតិបត្តិក្រុមហ៊ុន Disney លោក Bob Iger ក៏ទំនងជាស្ថិតក្នុងចំណោម អ្នកត្រូវបានអញ្ជើញផងដែរ ។

លោកស្រី Ivanka Trump បានសរសេរនៅលើ Instagram កាលពីថ្ងៃសុក្រថា លោកមាន “រាត្រីវេទមន្ត” នៅ Jamnagar ។ នាងបានសរសេរថា សូមផ្ញើក្តីប្រាថ្នាដ៏កក់ក្តៅ ទៅកាន់ Anant និង Radhika ឲ្យទទួលបាននូវសុភមង្គល និងក្តីស្រលាញ់មិនចេះចប់ នៅពេលពួកគេចាប់ផ្តើមដំណើរ ផ្សងព្រេងដ៏អស្ចារ្យនេះ ជាមួយគ្នា ។

លោក Zuckerbergនាយកប្រតិបត្តិ Meta ក៏បានបង្ហោះរូបថតពីការប្រារព្ធពិធីនេះនៅលើទំព័រ Instagram របស់ថា ស្រឡាញ់ពិធីមង្គលការឥណ្ឌា។ សូមអបអរសាទរចំពោះអាណាន់ និងរ៉ាឌីកា។ នេះបើយោងតាមគេហទំព័ររបស់ NME ថា ភ្ញៀវត្រូវបានកម្សាន្តដោយតារាប៉ុប Rihanna កាលពីថ្ងៃសុក្រ ដែលបានសម្តែង ១៩ បទ រួមទាំងបទល្បីៗដូចជា ‘Umbrella’, ‘Diamonds’ និង ‘Work’ ។

សារព័ត៌មាន India Today បានរាយការណ៍ថា ថតារាចម្រៀង Barbadian បានប្រាប់អ្នកសារព័ត៌មានថា កម្មវិធីនេះគឺល្អបំផុត ដោយបន្ថែមថា វាជាលើកដំបូង ក្នុងរយៈពេល ៨ ឆ្នាំដែលនាងបានធ្វើឈុតពេញលេញនៅលើឆាក។ Rihanna បានទទួលប្រាក់ពី ៨ ទៅ ៩ លានដុល្លារ សម្រាប់ការសម្តែងរបស់នាង ៕
ដោយ៖លី ភីលីព

Most Popular

To Top