ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី ព្រមានគំរាម ពីសង្គ្រាមលោកលើកទី៣ ដែលនឹងផ្ទុះឡើង នៅមុនកិច្ចប្រជុំកំពូល រវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ថា ប្រទេសរុស្ស៊ី បានព្រមានពីការគំរាមកំហែង “ពិតប្រាកដ” នៃសង្គ្រាមលោកលើកទី៣ ដែលផ្ទុះឡើង នៅមុនកិច្ចប្រជុំនៅថ្ងៃអង្គារ នេះរវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ជុំវិញការបញ្ជូនអាវុធបន្ថែមទៀត ទៅកាន់អ៊ុយក្រែន ដែលហែកហួរដោយសង្រ្គាម ។

ការលុកលុយរបស់ទីក្រុងម៉ូស្គូ ទៅលើប្រទេសជិតខាងរបស់ខ្លួន បានបង្កឱ្យមានការផ្ទុះការគាំទ្រ ពីបណ្តាប្រទេសលោកខាងលិច ដែលបានឃើញអាវុធបានចាក់ចូលទៅក្នុង ប្រទេសដើម្បីជួយខ្លួន ធ្វើសង្គ្រាមប្រឆាំងនឹងកងទ័ពរុស្ស៊ី ។

ប៉ុន្តែមហាអំណាចលោកខាងលិច មានការស្ទាក់ស្ទើរក្នុងការ ធ្វើឱ្យកាន់តែស៊ីជម្រៅ នូវការចូលរួមរបស់ពួកគេ ដោយសារតែភ័យខ្លាចថា នឹងបង្កឱ្យមានជម្លោះ ប្រឆាំងនឹងរុស្ស៊ី ដែលមានអាវុធនុយក្លេអ៊ែរក្នុងដៃ ។

ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានព្រមានថា ហានិភ័យនៃសង្គ្រាមលោកលើកទី៣ “គឺធ្ងន់ធ្ងរ” ហើយបានរិះគន់វិធីសាស្រ្តរបស់ទីក្រុងគៀវ ចំពោះការចរចាសន្តិភាព ដែលមានភាពច្របូកច្របល់ ។

លោក Lavrov បានថ្លែងថា “វាជាការពិត អ្នកមិនអាចមើលស្រាលវាបាននោះទេ” ។

អស់រយៈពេលជាច្រើនខែមកហើយ ដែលប្រធានាធិបតី Volodymyr Zelenskyy បាននឹងកំពុងស្នើសុំឱ្យសម្ព័ន្ធមិត្ត លោកខាងលិចរបស់អ៊ុយក្រែន សម្រាប់អាវុធធុនធ្ងន់ រួមទាំងកាំភ្លើងធំ និងយន្តហោះចម្បាំង ដោយប្តេជ្ញាថា កងកម្លាំងរបស់គាត់អាចបង្វែរជំនោរ នៃសង្រ្គាមជាមួយនឹងកម្លាំងបាញ់កាន់តែច្រើន ។

គួរបញ្ជាក់ថា សម្រាប់ការអំពាវនាវនេះ ហាក់ដូចជាមានសន្ទុះឡើងវិញនៅពេលនេះ ដោយប្រទេសជាច្រើន នៃអង្គការ NATO បានសន្យាថា នឹងផ្តល់អាវុធធុនធ្ងន់ និងឧបករណ៍ជាច្រើន បើទោះបីជាមានការតវ៉ា ពីទីក្រុងម៉ូស្គូក៏ដោយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top