ការ៉ាកាស ៖ ក្រសួងការពារជាតិ បានឲ្យដឹងថា ប្រធានាធិបតី វេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ បានបញ្ជាឱ្យមានការស៊ើបអង្កេត ដើម្បីកំណត់ពីមូលហេតុ នៃការធ្លាក់យន្តហោះ ដែលបានសម្លាប់មនុស្ស ៥នាក់។
អាជ្ញាធរក្នុងតំបន់ បានរាយការណ៍ថាមនុស្ស ៥នាក់បានស្លាប់កាលពីថ្ងៃអាទិត្យ នៅពេលដែលយន្តហោះ Bolivarian Military Aviation (AMB) បានធ្លាក់នៅទីក្រុង Puerto Ayacucho រដ្ឋធានីនៃរដ្ឋ Amazonas នៃប្រទេសវេណេស៊ុយអេឡា ។
រដ្ឋាភិបាលរដ្ឋ Amazonas បានបង្ហោះ នៅលើ បណ្ដាញ Facebook ថា “យន្តហោះ C-208B អក្សរកាត់ ABM 0956 ដែលអនុវត្តក្រុមអាកាសចរណ៍ ដឹកជញ្ជូនលេខ ៩ ហោះហើរសាកល្បង បានធ្លាក់ដល់ដី បណ្តាលឱ្យនាវិកស្លាប់ទាំងអស់” ។
ការធ្លាក់នេះបានកើតឡើង នៅចុងបញ្ចប់ នៃផ្លូវរត់នៅឯអាកាសយានដ្ឋានជាតិ Cacique Aramare ដែលបម្រើដល់ទីក្រុង Puerto Ayacucho ក្នុងខេត្ត Amazonas ភាគខាងកើតប្រទេស ។
កងកម្លាំងប្រដាប់អាវុធជាតិ Bolivarian (FANB) បានឲ្យដឹងថា យន្តហោះបានធ្លាក់ ខណៈកំពុងហ្វឹកហាត់ហោះហើរ នៅអាកាសយានដ្ឋាន ដែលមានចម្ងាយប្រហែល ៣គីឡូម៉ែត្រពីមូលដ្ឋានទ័ពអាកាស GJ Jose Antonio Paez ស្ថិតនៅក្នុងក្រុង Atures ៕
ប្រែសម្រួល ឈូក បូរ៉ា