បច្ចេកវិទ្យា

មក​ដឹង​ពី​ប្រទេស ​ដែល​ធ្លាប់​ធ្វើ​ដំណើរ ​ទៅ​ឋាន​ព្រះចន្ទ

ដំណើរ​រុក​រក​លំហ​អាកាស​ ជា​កិច្ចការ​មួយ​ប្រកប​ដោយ​គ្រោះថ្នាក់​ និង​ចំណាយ​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ។ មាន​តែ​សហរដ្ឋអាមេរិក​ទេ​ ដែល​បាន​បញ្ជូន​មនុស្ស​ទៅ​ជាន់​ឋាន​ព្រះចន្ទ​ ប៉ុន្តែ​ក៏​មាន​ប្រទេស​ជា​ច្រើន​ទៀត​ បាន​បង្ហោះ​ផ្កាយរណប​សិប្បនិមិត្ត​ របស់​ខ្លួន​ទៅ​កាន់​ឋាន​ព្រះចន្ទ​ដែរ។

ប្រទេស​ទាំង​នោះ​មាន​ដូច​ជា​៖

១. សហរដ្ឋអាមេរិក៖ មាន​បេសកកម្ម​ជា​ច្រើន ​ក្នុង​ការ​នាំ​មនុស្ស​ទៅ​កាន់​ឋាន​ព្រះចន្ទ ​កំឡុង​ចុង​ទសវត្ស​ឆ្នាំ​១៩៦០ និង​ដើម​ទសវត្ស​ឆ្នាំ១៩៧០ ដោយ​ក្នុង​នោះ​បេសកកម្ម​ដែល​ជោគជ័យ​ដំបូង​គេ​គឺ​អាប៉ូឡូ​ទី១១ នៅ​ឆ្នាំ១៩៦៩ ដែល​លោក Neil Armstrong បាន​ជាន់​លើ​ឋាន​ព្រះចន្ទ។ បន្ទាប់​មក​បេសកកម្ម​ទាំង​នោះ​ត្រូវ​បាន​រំសាយ រហូត​ដល់​ឆ្នាំ២០១៣ ទើប​មាន​ការ​បាញ់​បង្ហោះ​យាន​អវកាស ​ទៅ​ឋាន​ព្រះចន្ទ​ម្ដង​ទៀត។

២. សហភាព​សូវៀត៖ សូវៀត​បាន​បញ្ជូន​បេសកកម្ម ​ទៅ​ឋាន​ព្រះ​ចន្ទ​កំឡុង​​ពេល​​ឆ្នាំ ១៩៥៨ និង​ឆ្នាំ១៩៧៦។

៣. ជប៉ុន៖ ក្រោយ​ងើប​ពី​សង្គ្រាម​លោក​លើក​ទី២​មក ជប៉ុន​បាន​អភិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា​យ៉ាង​ខ្លាំង​ រហូត​ដល់​អាច​បង្ហោះ​ផ្កាយ​រណប​ទៅ​ឋាន​ព្រះចន្ទ​ចំនួន​ ២​ដង​គឺ ផ្កាយរណបThe Hiten នៅ​ឆ្នាំ១៩៩០ និង​Selene នៅ​ឆ្នាំ២០០៧ តែ​ត្រូវ​បាន​បុក​ទង្គិច​នឹង​ផ្ទៃ​ព្រះចន្ទ​ទាំង​ពីរ​ដង។

៤. ចិន៖ ប្រទេស​មួយ​នេះ​បាន​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខ្លួន​បាន​យ៉ាង​ល្អ​ រហូត​ដល់​អាច​បង្កើត​នូវ​ ផ្កាយ​រណប​របស់​ខ្លួន​ដើម្បី​រុក​រក​លំហ។ ចិន​បាន​បង្ហោះ​ផ្កាយ​រណប​ទៅ​ព្រះចន្ទ​ដំបូង​គេ​នៅ​ឆ្នាំ២០០៧ និង​បន្ត​បេសកកម្ម​ជា​ រហូត​មក​ដល់​ខែ​មករា ឆ្នាំ២០១៩ មិន​ក៏​បាន​បង្ហោះ​ផ្កាយរណប​មួយ​ទៅ​ព្រះចន្ទ​ដែរ។

៥. ឥណ្ឌា៖ ប្រទេស​អាស៊ី​ខាង​ត្បូង​មួយ​នេះ ក៏​ធ្លាប់​បាន​បង្ហោះ​ផ្កាយរណប​ទៅ​ឋាន​ព្រះ​ចន្ទ​ម្ដង​ដែរ​ កាល​ពី​ឆ្នាំ២០០៨។

៦. អង្គភាព​លំហ​អាកាស​អឺរ៉ុប៖ ក៏​បាន​បញ្ជូន​ផ្កាយរណប​​ទៅ​ឋាន​ព្រះចន្ទ កាល​ពី​ឆ្នាំ២០០៤​កន្លង​ទៅ។

Most Popular

To Top