បរទេស៖ លោក Jurgen Klopp បានប្រាប់ក្រុមជម្រើសជាតិអាល្លឺម៉ង់ថា ការកសាងក្រុមឡើងវិញគឺជារឿងអាទិភាពធំបំផុត ទោះបីជាត្រូវប្រជែងយកកៅអីវគ្គបន្តនៃពានរង្វាន់ Nations League ទល់នឹងក្រុមហូឡង់ នៅទីក្រុងប៊ែរឡាំងក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
គ្រូបង្វឹករូបនេះបានទទួលស្គាល់ថា ក្រុមរបស់លោកកំពុងស្ថិតក្នុងដំណាក់កាលផ្លាស់ប្តូរ ខណៈដែលក្រុមហូឡង់របស់លោក Xavi Hernandez នៅតែរក្សាសមាសភាពកីឡាករសំខាន់ៗពីព្រឹត្តិការណ៍ World Cup ហើយកីឡាករ Kai Havertz ក៏បានជំរុញឱ្យមិត្តរួមក្រុមពិនិត្យមើលខ្លួនឯងឡើងវិញផងដែរ។
លោក Klopp ចង់ឱ្យកីឡាករអាល្លឺម៉ង់បន្តជឿជាក់លើដំណើរការនេះ ខណៈដែលពួកគេសម្លឹងរកការឈានទៅមុខមួយជំហានទៀត ក្នុងការប្រកួតចុងក្រោយនៃវគ្គចែកពូល Nations League។ ក្រុម Die Mannschaft នឹងត្រូវបើកទ្វារកីឡដ្ឋាន Olympiastadion ទទួលភ្ញៀវ បន្ទាប់ពីយកឈ្នះក្រុមស៊ែប៊ី ៣-១ កាលពីយប់ថ្ងៃសុក្រ ហើយអតីតអ្នកចាត់ការក្រុម Liverpool រូបនេះបានបញ្ជាក់យ៉ាងច្បាស់ពីអាទិភាពរបស់លោកនៅក្នុងសន្និសីទសារព័ត៌មាន។
លោក Klopp បានមានប្រសាសន៍ថា៖ “យើងចង់បានភាពជោគជ័យនៅពេលនេះ ប៉ុន្តែដំណើរការដែលយើងបានចាប់ផ្តើម គឺមានអាទិភាពខ្ពស់ជាងអ្វីៗទាំងអស់។ យើងចង់បង្ហាញទម្រង់លេងដ៏ល្អបំផុត បន្ទាប់មកយើងនឹងមើលថាតើវាអាចប្រកួតប្រជែងជាមួយហូឡង់បានកម្រិតណា។ យើងពិតជាទន្ទឹងរង់ចាំការប្រកួតនេះ។ យើងចង់បានឱកាសនេះ ពេលនេះយើងទទួលបានវាហើយ ហើយយើងចង់ទាញយកប្រយោជន៍ឱ្យបានច្រើនបំផុតពីវា។”
លោក Klopp បានចង្អុលបង្ហាញពីបទពិសោធន៍នៅក្នុងក្រុមហូឡង់ ថាជាចំណុចខុសគ្នាសំខាន់រវាងក្រុមទាំងពីរ។ លោកបានបញ្ជាក់ថា៖ “[ហូឡង់] ជាទូទៅមានក្រុមដូចគ្នាទៅនឹងក្រុមដែលបានលេងនៅ World Cup ដែលនោះគឺជាភាពខុសគ្នារវាងយើង។ បច្ចុប្បន្ន យើងកំពុងស្ថិតក្នុងដំណាក់កាលផ្លាស់ប្តូរ”។
គ្រូបង្វឹកក្រុមអាល្លឺម៉ង់រូបនេះ ក៏មានការចាប់អារម្មណ៍ចំពោះទម្រង់លេងរបស់ហូឡង់ក្រោមការដឹកនាំរបស់លោក Xavi ដែលបានជំនួសតំណែងលោក Ronald Koeman កាលពីខែសីហាផងដែរ។ លោក Klopp បានបន្ថែមថា៖ “Xavi ចង់លេងបាល់ទាត់តាម ‘ស្ទីលរបស់ Xavi’ ហើយនេះគឺជាជំនាន់ដ៏រឹងមាំមួយ [របស់ហូឡង់]។ ពួកគេមានកីឡាករវ័យក្មេងខ្លាំងៗ មានជំនាញខ្ពស់នៅលើទីលាន និងមានគ្រូបង្វឹកដែលអាចដឹកនាំពួកគេទៅកាន់កម្រិតមួយទៀត”។
ដោយឡែក ខ្សែប្រយុទ្ធរបស់ក្លឹប Arsenal កីឡាករ Kai Havertz ជឿជាក់ថា អ្នកគ្រប់គ្នានៅក្នុងក្រុមអាច “ពិនិត្យមើលយ៉ាងយកចិត្តទុកដាក់” លើទម្រង់លេងរៀងៗខ្លួន ដើម្បីជួយជំរុញអាល្លឺម៉ង់ឱ្យឈានទៅមុខម្តងទៀត។ Havertz បាននិយាយថា៖ “ក្រុមជម្រើសជាតិ គឺខុសប្លែកពីបាល់ទាត់កម្រិតក្លឹប។ យើងជួបជុំគ្នារៀងរាល់ពីរបីខែម្តង ហើយបន្ទាប់មកទើបលេងក្នុងការប្រកួតព្រឹត្តិការណ៍ធំៗ”។
ប្រែសម្រួល៖ គីរី
