កីឡា

លោក សែម ផល្លា អំពាវនាវកីឡាករ-កីឡាការិនី ប្រញាប់ចុះឈ្មោះ ចូលរួមព្រឹត្តិការណ៍រត់ប្រណាំង ជើងឯកថ្នាក់ជាតិ ដើម្បីអបអរសាទរសន្តិភាព នៅកោះនរា នាថ្ងៃទី២៧ ធ្នូ

ភ្នំពេញ ៖ ព្រឹត្តិការណ៍រត់ប្រណាំងជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី១ ឆ្នាំ២០២៦ ចម្ងាយ ១០ គីឡូម៉ែត្រ ដែលប្រព្រឹត្តទៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៦ នៅកោះនរា-រាជធានីភ្នំពេញ ធ្វើឡើង ដើម្បីអបអរសាទរសន្តិភាព ជាពិសេសដើម្បីផ្សព្វផ្សាយ វិស័យទេសចរណ៍ សម្រាប់តំបន់ទេសចរណ៍ នៅរាជធានីភ្នំពេញ របស់ប្រទេសកម្ពុជា ក្រោមការសហការជាមួយសហព័ន្ធខ្មែរកីឡាអត្តពលកម្មស័្មគ្រចិត្ត គណៈកម្មការរៀបចំការ ប្រកួតកីឡាម៉ារ៉ាតុង និងក្រុមហ៊ុនជាដៃគូ។

នាថ្ងៃទី១៦ ខែវិច្ចិកា ឆ្នាំ២០២៦ លោក ដួង មាសចំរើន ជំនួយការក្រសួងអប់រំ យុវជន និងកីឡា និងប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្មស័្មគ្រចិត្ត និងលោក សែម ផល្លា នាយកប្រវតិបត្តិ នៃគណៈកម្មការរៀបចំការប្រកួតកីឡាម៉ារ៉ាតុង បានអញ្ជើញជាកិត្តិយស ក្នុងពិធីសន្និសីទសារព័ត៌មាន ស្តីពីព្រឹត្តិការណ៍រត់ប្រណាំងជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី១ ឆ្នាំ២០២៦ ចម្ងាយ ១០ គីឡូម៉ែត្រ នៅសាលប្រជុំនាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជនក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

លោក សែម ផល្លា នាយកប្រវតិបត្តិ នៃគណៈកម្មការរៀបចំការប្រកួតកីឡាម៉ារ៉ាតុង បានមានប្រសាសន៍ថា លោកសូមអំពាវនាវ ឲ្យកីឡាករ-កីឡាការិនីចូលរួមចុះឈ្មោះរត់ទំាងអស់គ្នាដើម្បីអបអរសាទរសន្តិភាព ជាពិសេសដើម្បីផ្សព្វផ្សាយ វិស័យទេសចរណ៍ សម្រាប់តំបន់ទេសចរណ៍នៅរាជធានីភ្នំពេញ។ មួយទៀតការប្រកួតនេះធ្វើឡើងក្នុងគោលបំណងជ្រើសរើសជើងឯកថ្នាក់ជាតិ ក្រុមដែលមានល្បឿនលឿនរត់ចម្ងាយ ១០ គីឡូម៉ែត្រថេរវេលាក្រោម ៤៥ នាទី ដូច្នេះសូមអញ្ជើញបងប្អូនអ្នករត់ប្រញាប់។

លោកនាយកប្រវតិបត្តិនៃគណៈកម្មការរៀបចំការប្រកួតកីឡាម៉ារ៉ាតុងថា អត្ថន័យមួយទៀត គឺរត់ដើម្បីអបអរសាទរសន្តិភាពនៃប្រទេសកម្ពុជារបស់យើង ដោយទទួលបានគោលការណ៍ពីរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡាក៏បានអនុញ្ញាតឲ្យរៀបចំព្រឹត្តិការណ៍នេះឡើង។ ព្រឹត្តិការណ៍រត់ប្រណាំង ជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី១ ឆ្នាំ២០២៦ មាន ២ វិញ្ញាសា គឺវិញ្ញាសាចម្ងាយ ១០ គីឡូម៉ែត្រ សម្រាប់កីឡាករ-កីឡាការិនីជំនាញ និងចម្ងាយ ១០ និង៥ គីឡូម៉ែត្រសម្រាប់មហាជន។ ព្រឹត្តិការណ៍នេះទទួលបានគាំទ្រ យ៉ាងពេញទំហឹង ពីអាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរកោះនរា ហើយចំពោះផ្លូវរត់ត្រូវបានបិទ ទំាងស្រុងមិនមានការ ដំណើរមួយណារំខាន់ដល់ការរត់ឡើយ។

លោក សែម ផល្លា បានបន្ថែមថា ព្រឹត្តិការណ៍រត់ប្រណាំងនេះបើកការចុះឈ្មោះយូរ ហើយរត់កំពុងធ្វើការចុះឈ្មោះជាបណ្តើរៗ។ សន្និសីទសារព័ត៌មាននាពេល ជាការប្រកាសជាផ្លូវការ ចំពោះមហាជនចូលរួមប្រញាប់ ចុះឈ្មោះដើម្បីចូលរួមបំផុចលនាព្រឹត្តិការណ៍ រត់ប្រណាំងជ្រើសរើសជើងឯកថ្នាក់ជាតិដើម្បីអបអរសាទរសន្តិភាព៕

Most Popular

To Top