សិល្បៈ និង កម្សាន្ត

Harry Styles, Cher និង Billie Eilish នឹងក្លាយជាតារាចម្រៀងនាំមុខគេ ក្នុងមហោស្រពតន្ត្រី Glastonbury ២០២៧

បរទេស៖ មហោស្រពតន្ត្រីដ៏ល្បីល្បាញ របស់ចក្រភពអង់គ្លេស Glastonbury Festival កាលពីថ្ងៃពុធ (ទី១៨ ខែវិច្ឆិកា) បានបង្ហាញបញ្ជីឈ្មោះតារាសម្តែង សម្រាប់ឆ្នាំ២០២៧ ដោយមានតារាល្បីៗដូចជា Harry Styles, Billie Eilish និង Sam Fender ត្រៀមខ្លួនជាតារានាំមុខគេ រួមជាមួយតារាចម្រៀងជើងចាស់ Cher នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី១៩​ ខែវិច្ឆិកា ឆ្នាំ២០២៦។

សំបុត្រសម្រាប់ព្រឹត្តិការណ៍ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនាឆ្នាំក្រោយនេះ ត្រូវបានលក់អស់ក្នុងរយៈពេលត្រឹមតែ ៤៥ នាទីប៉ុណ្ណោះកាលពីខែមុន ដោយមានមនុស្សរាប់ពាន់នាក់សម្រុកទិញ ទោះបីជាមានតម្លៃថ្លៃក៏ដោយ។

តារាល្បីៗផ្សេងទៀតនៅក្នុងបញ្ជីរួមមាន Massive Attack, Lily Allen, Lola Young, Kraftwerk, Texas និង De La Soul នេះបើយោងតាមផ្ទាំងរូបភាពបង្ហាញបញ្ជីឈ្មោះសិល្បករដែលបានចេញផ្សាយនៅលើគេហទំព័ររបស់មហោស្រព។ ទន្ទឹមនឹងនេះ តារាចម្រៀង Country លោកស្រី Kacey Musgraves តារាកំពុងរះ FKA twigs និងតារាចំណូលថ្មី Adela ក៏មានឈ្មោះចូលរួមផងដែរ ខណៈដែលសិល្បករជាច្រើនទៀតនឹងត្រូវប្រកាសជាបន្តបន្ទាប់។

លោកស្រី Cher វ័យ ៨០ ឆ្នាំ នឹងឡើងសម្តែងក្នុងវគ្គតារាជើងចាស់ (legend slot) នៅថ្ងៃអាទិត្យ។ ដោយនឹងមានអាយុ ៨១ ឆ្នាំនៅពេលសម្តែង លោកស្រីនឹងក្លាយជាសិល្បករដែលមានវ័យចំណាស់ជាងគេបំផុតដែលឡើងសម្តែងក្នុងវគ្គនេះ ដោយដណ្តើមតំណែងពីលោក Rod Stewart។

មហោស្រពដែលប្រារព្ធឡើងនៅកសិដ្ឋាន Worthy Farm ភាគនិរតីប្រទេសអង់គ្លេសមួយនេះ បានក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងប្រតិទិនតន្ត្រីអន្តរជាតិ បន្ទាប់ពីបានចាប់ផ្តើមដំបូងក្នុងឆ្នាំ១៩៧០ ដោយទទួលឥទ្ធិពលពីចលនាហ៊ីបពី (hippie) និងចលនាវប្បធម៌ផ្ទុយ (counterculture) របស់អង់គ្លេស។

តម្លៃសំបុត្របានកើនឡើងជាលំដាប់ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយសំបុត្រធម្មតាមានតម្លៃ ៤០៨ ផោន (៥៣៩ ដុល្លារអាមេរិក) សម្រាប់ព្រឹត្តិការណ៍ខែមិថុនា ឆ្នាំ២០២៧ ដែលជាការវិលត្រឡប់មកវិញបន្ទាប់ពី «ឆ្នាំសម្រាក» (fallow year) ដែលមិនមានការរៀបចំមហោស្រពក្នុងឆ្នាំ២០២៦។

អ្នករៀបចំកម្មវិធី លោកស្រី Emily Eavis បានលើកឡើងនៅលើ Instagram ថា៖ «យើងពិតជារីករាយណាស់ដែលបានវិលត្រឡប់មកវិញបន្ទាប់ពីឆ្នាំសម្រាករបស់យើង» ដោយលោកស្រីបានពណ៌នាបញ្ជីឈ្មោះតារាឆ្នាំនេះថាជាការប្រមូលផ្តុំសិល្បករដ៏ «អស្ចារ្យ»។

ធ្លាប់ជាឋានសួគ៌សម្រាប់ក្រុមតន្ត្រីរ៉ុកជើងចាស់របស់អង់គ្លេស បញ្ជីឈ្មោះសិល្បកររបស់ Glastonbury ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបានងាកមកបញ្ចូលតារាចម្រៀងប៉ុបលំដាប់ពិភពលោក រួមជាមួយតារាជើងចាស់នៃមហោស្រព ដោយមានវត្តមានតារាដូចជា Charli XCX, Dua Lipa និង Olivia Rodrigo ឡើងបង្ហាញខ្លួនលើឆាកផងដែរ។

ប្រែសម្រួល៖​ គីរី

Most Popular

To Top