កីឡា

កីឡាការិនីទ្រីយ៉ាត្លុងកម្ពុជា ម៉ាហ្គត មរកត ហ្គារ៉ាប៊ីឌន ឈ្នះមេដាយប្រាក់ ១ គ្រឿងក្នុងព្រឹត្តិការណ៍World Triathlon Multisport World Championships Abu Dhabi 2026ដោយ៖លី ភីលីព

អេមីរ៉ាតអារ៉ាប់រួម៖កីឡាការិនីទ្រីយ៉ាត្លុងកម្ពុជា ម៉ាហ្គត មរកត ហ្គារ៉ាប៊ីឌន ដណ្តើមបានមេដាយប្រាក់ ១ គ្រឿងក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាទ្រីយ៉ាត្លុងជើងឯកពិភពលោក ឆ្នាំ២០២៦ “ World Triathlon Multisport World Championships Abu Dhabi 2026” ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៣ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅប្រទេសអេមីរ៉ាតអារ៉ាប់រួម ។

លោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានប្រាប់ឲ្យដឹងតាមអនឡាញថា កីឡាការិនីទ្រីយ៉ាត្លុងកម្ពុជា ម៉ាហ្គត មរកត ហ្គារ៉ាប៊ីឌន ដណ្តើមបានមេដាយប្រាក់ ១ គ្រឿងក្នុងប្រកួត World Triathlon Multisport World Championships Abu Dhabi 2026 លើវិញ្ញាសារត់ចម្ងាយ ២៧០០ ម៉ែត្រ ហែលចម្ងាយ១០០០ ម៉ែត្រ និងរត់ចម្ងាយ ២៦០០ ម៉ែត្រ។ កីឡាការិនីម្ចាស់មេដាយមាសស៊ីហ្គេមឆ្នាំ២០២៣ និងជាម្ចាស់មេដាយប្រាក់ Asian Beach Games 2026 បានបន្តការឈ្នះមេដាយប្រាក់លើវិញ្ញាសា Aquathlon ក្នុង World Triathlon Multisport World Championships Abu Dhabi នៅប្រទេសអេមីរ៉ាតអារ៉ាន់រួម។

អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានបន្តថា សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានបញ្ជូនគ្រូបង្វឹក កីឡាករ និងកីឡាការិនីចំនួន ៦ រូបចូលរួមការ ប្រកួត World Triathlon Multisport World Championships Abu Dhabi 2026 ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៣ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅប្រទេសអេមីរ៉ាតអារ៉ាប់រួម ។

គ្រូបង្វឹក កីឡាករ និងកីឡាការិនីចំនួន ៦រូបរួមមាន លោក HUGO ZACHARIE THOMAS PELLETIER ជាគ្រូបង្វឹកក្រុមជម្រើសជាតិ កីឡាករ ម៉ាហ្គត មរកត ហ្គារ៉ាប៊ីនន កីឡាករជម្រើសជាតិ ចន សប្បុរស កីឡាករជម្រើសជាតិ គិត វិសាល កីឡាករជម្រើសជាតិ សាវឿន សុភារ៉េន និងកីឡាករជម្រើសជាតិ សុខា ម៉ៃគែលចូម៉ុន៕

Most Popular

To Top