កីឡា

David Moyes បញ្ជាក់ពីការវិលត្រឡប់របស់ Jack Grealish ចូលក្រុម Everton វិញ ក្រោយរងពិន័យវិន័យមួយខែ

​បរទេស៖ កីឡាករ Jack Grealish គ្រោងនឹងវិលត្រឡប់មកកាន់បញ្ជីឈ្មោះកីឡាករប្រកួតរបស់ក្រុម Everton វិញ សម្រាប់ជំនួបក្របខណ្ឌ Premier League នារាត្រីថ្ងៃចន្ទ ទល់នឹងក្រុម Brentford។ ខ្សែបម្រើស្លាបដែលខ្ចីជើងមកពីក្លឹប Manchester City រូបនេះ បានចំណាយពេលពេញមួយខែចុងក្រោយ ដោយត្រូវបានដកឈ្មោះចេញពីក្រុមឈុតធំ បន្ទាប់ពីបានប្រព្រឹត្តកំហុសល្មើសវិន័យដ៏ធ្ងន់ធ្ងររបស់ក្លឹប។
​Grealish បញ្ចប់រយៈពេលនៃការអវត្តមានពីក្រុម នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី២១ ខែវិច្ឆិកា  ឆ្នាំ២០២៦ ។

​កីឡាករ Grealish បានវិលត្រឡប់មកហ្វឹកហាត់ជាមួយក្រុមឈុតធំជាផ្លូវការវិញនៅកីឡដ្ឋាន Hill Dickinson បន្ទាប់ពីទទួលរងការពិន័យដកឈ្មោះអស់រយៈពេលមួយខែ។ ខ្សែបម្រើប្រយុទ្ធរូបនេះបានបោះជំហានដ៏សំខាន់ឆ្ពោះទៅរកការសម្របខ្លួនចូលក្រុមពេញលេញឡើងវិញ តាមរយៈការបង្ហាញខ្លួនក្នុងការប្រកួតមិត្តភាពបិទទ្វារទល់នឹងក្រុម Derby County កាលពីសប្តាហ៍មុន អំឡុងពេលសម្រាកពីការប្រកួតលីគក្នុងស្រុក។

​លោក Moyes បានបញ្ជាក់ថា កីឡាករជម្រើសជាតិអង់គ្លេសរូបនេះ ឥឡូវនេះគឺជាផ្នែកមួយនៃផែនការរបស់លោកសម្រាប់ការទទួលភ្ញៀវ Brentford នាពេលខាងមុខ។ អ្នកចាត់ការទូទៅសញ្ជាតិស្កុតឡែនរូបនេះបានប្រាប់អ្នកសារព័ត៌មានក្នុងអំឡុងសន្និសីទសារព័ត៌មានមុនការប្រកួតថា៖ «គាត់បានត្រឡប់មកហ្វឹកហាត់វិញ ហើយបានត្រឡប់មករួមរស់ជាមួយក្រុមវិញហើយ»។

បន្ទាប់ពីរងការពិន័យផ្អាកការប្រកួត កីឡាករ Grealish បានប្រើប្រាស់បណ្តាញសង្គមដើម្បីចេញសេចក្តីថ្លែងការណ៍សុំទោសជាសាធារណៈទៅកាន់អ្នកគាំទ្រ និងក្លឹប។ ខណៈដែលកាយវិការនេះត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អ្នកគាំទ្រ Everton នៅលើបណ្តាញសង្គម Instagram លោក Moyes នៅតែរក្សាជំហរម៉ឺងម៉ាត់តាមទម្លាប់របស់លោក នៅពេលត្រូវបានសួរអំពីការបង្ហោះសាររបស់កីឡាកររូបនេះ។ អតីតអ្នកចាត់ការទូទៅរបស់ក្លឹប West Ham រូបនេះបានលើកឡើងនៅពេលត្រូវបានសួរអំពីពាក្យសុំទោសនោះថា៖ «ខ្ញុំមិនលេងបណ្តាញសង្គមទេ ប៉ុន្តែខ្ញុំបានឮអំពីរឿងនេះ»។

​ទោះបីជាអវត្តមានរបស់ Grealish ទទួលបានការចាប់អារម្មណ៍ខ្លាំងយ៉ាងណាក្តី ក៏លោក Moyes បានសង្កត់ធ្ងន់យ៉ាងច្បាស់ថា គ្មានបុគ្គលណាម្នាក់ធំជាងក្រុមនោះទេ។

ខ្សែបម្រើស្លាបរូបនេះបានជួបការលំបាកក្នុងការបង្ហាញទម្រង់លេងលេចធ្លោនៅរដូវកាលនេះ ដោយបង្ហាញខ្លួនបានចំនួន ៦ ប្រកួតគ្រប់កម្មវិធី ប៉ុន្តែមិនទាន់រកបានគ្រាប់បាល់ ឬបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាននៅឡើយទេ។ នៅពេលត្រូវបានសួរថាតើអ្នកទាំងពីរបានជជែកគ្នាជាលក្ខណៈឯកជនដើម្បីបញ្ចប់ភាពតានតឹងដែរឬទេ លោកបានឆ្លើយតបថា៖ «ពួកយើងគ្រាន់តែបន្តធ្វើការងារ របស់យើងប៉ុណ្ណោះ។ យើងមានកីឡាករជាច្រើនទៀត​ ដែលខ្ញុំត្រូវផ្តោតការយកចិត្តទុកដាក់ខ្លាំងដូចគ្នា ខ្ញុំមិនអាចផ្តោតអារម្មណ៍តែលើកីឡាករម្នាក់នោះទេ»។

ប្រែសម្រួល៖ គីរី

Most Popular

To Top