ការវាយតម្លៃលក់ក្លិបបាល់ទាត់ Leicester City ក្នុងតម្លៃ ២០០ លានផោន (ប្រមាណ ២៦២,៣ លានដុល្លារអាមេរិក) បានបង្កការលំបាកដល់អ្នកដែលចាប់អារម្មណ៍ចង់ទិញ ដែលជំរុញឱ្យម្ចាស់ក្លិបជនជាតិថៃ សម្រេចចិត្តដកក្លិបចេញពីទីផ្សារលក់ ហើយបង្វែរការផ្តោតអារម្មណ៍ទៅលើការប្រជែងឡើងទៅកាន់ក្របខណ្ឌ English Championship វិញ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦។
យោងតាមសារព័ត៌មាន The Telegraph ប្រធានក្លិបលោក Aiyawatt Srivaddhanaprabha បានសម្រេចចិត្តផ្អាកការលក់ក្លិបនេះហើយ។ នាយកប្រតិបត្តិ (CEO) លោកស្រី Kamonthip Netthamonsak បានជូនដំណឹងអំពីការសម្រេចចិត្តនេះទៅកាន់បុគ្គលិកជាន់ខ្ពស់របស់ក្លិបកាលពីដើមសប្តាហ៍នេះ។
ទោះបីជាកន្លងមកមានភាគីជាច្រើនបានបង្ហាញចំណាប់អារម្មណ៍ក្នុងការទិញយកក្លិប Leicester ក៏ដោយ ប៉ុន្តែតម្លៃដែលកំណត់ដោយក្រុមហ៊ុនពហុផលិតផលថៃ King Power ដែលជាម្ចាស់ក្លិប បានក្លាយជាឧបសគ្គដ៏ធំមួយ។ យោងតាមវិទ្យុ talkSPORT ការវាយតម្លៃតម្លៃនេះ គឺរាប់បញ្ចូលទាំងកីឡដ្ឋាន King Power Stadium និងមជ្ឈមណ្ឌលហ្វឹកហាត់ Seagrave ផងដែរ។
ក្រុមហ៊ុន King Power បានទិញយកក្លិប Leicester ក្នុងឆ្នាំ ២០១០ ក្រោមការដឹកនាំរបស់លោក Vichai Srivaddhanaprabha ដែលជាឪពុកបង្កើតរបស់លោក Aiyawatt។ កាលពីខែមករា លោក Aiyawatt បានលើកឡើងថា លោកចង់រក្សាកេរដំណែលដែលកសាងឡើងដោយឪពុករបស់លោក ដែលបានទទួលមរណភាពក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រកាលពីឆ្នាំ ២០១៨។
លោកបានប្រាប់សារព័ត៌មាន The Telegraph ថា៖ «ខ្ញុំត្រូវតែធ្វើឱ្យប្រាកដថា ខ្ញុំបានបញ្ចប់អ្វីៗគ្រប់យ៉ាងដែលខ្ញុំបានធ្វើនៅទីនេះ មុនពេលខ្ញុំចង់ចាកចេញ។ ពេលនេះ ខ្ញុំត្រូវធ្វើឱ្យប្រាកដថាក្លិបស្ថិតក្នុងស្ថានភាពល្អប្រសើរ។ ខ្ញុំនៅតែស្រឡាញ់ទីនេះ ហើយខ្ញុំចង់ឃើញក្លិបទទួលបានជោគជ័យម្តងទៀត»។
មួយទសវត្សរ៍បន្ទាប់ពីជ័យជម្នះដ៏អស្ចារ្យក្នុងការគ្រងជើងឯក Premier League ឆ្នាំ ២០១៦ ដែលកាលណោះមានអត្រាភ្នាល់ឈ្នះត្រឹម ៥.០០០ ទល់នឹង ១ បច្ចុប្បន្ន Leicester កំពុងធ្លាក់ទៅលេងនៅក្នុងក្របខណ្ឌ League One ដែលជាលីគលំដាប់ទី ៣ របស់ប្រទេសអង់គ្លេស។ បន្ទាប់ពីធ្លាប់បានឡើងទៅលេងក្នុងពានរង្វាន់ UEFA Champions League និងឈ្នះពានរង្វាន់ FA Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិបកាលពីឆ្នាំ ២០២១ ក្លិបនេះបានជួបគ្រោះកាត់ចោលពីក្របខណ្ឌ Premier League នៅឆ្នាំ ២០២៣ និងឆ្នាំ ២០២៥ ដោយចំណាយពេលលេងនៅ EFL Championship បានតែមួយរដូវកាលប៉ុណ្ណោះ មុននឹងធ្លាក់បន្តមកកាន់ League One។
ដោយសារគម្រោងលក់ក្លិបត្រូវបានផ្អាកសម្រាប់ពេលបច្ចុប្បន្ន ក្រុមហ៊ុន King Power កំពុងដាក់គោលដៅឡើងទៅកាន់ក្របខណ្ឌ Championship វិញភ្លាមៗនៅរដូវកាលនេះ និងបានត្រៀមកញ្ចប់ថវិកាសម្រាប់ការទិញកីឡាករថ្មីនៅក្នុងទីផ្សារដោះដូរខែមករាខាងមុខ។ ក្លិបក៏បានតែងតាំងអតីតនាយកបច្ចេកទេសរបស់ក្លិប Chelsea លោក Michael Emenalo ជាទីប្រឹក្សាយុទ្ធសាស្ត្រផងដែរ បន្ទាប់ពីលោកបានចាកចេញពីលីគកំពូលអារ៉ាប៊ីសាអូឌីត (Saudi Pro League)។
ក្រៅពីនេះ ក្លិប Leicester ក៏កំពុងខិតជិតដល់ការបន្តកិច្ចសន្យារយៈពេលវែងជាមួយខ្សែការពារកណ្តាល Ben Nelson ដែលត្រូវបានរំពឹងថានឹងវិលត្រឡប់មកចូលលេងវិញនៅខែមីនា បន្ទាប់ពីជាសះស្បើយពីរបួសជង្គង់ធ្ងន់ធ្ងរ។
ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Russell Martin ក្រុម «កញ្ជ្រោងខៀវ» (The Foxes) បានចាប់ផ្តើមរដូវកាលយ៉ាងយឺតយ៉ាវ ដោយឈ្នះតែ ១ ប្រកួតប៉ុណ្ណោះក្នុងចំណោម ៥ ប្រកួតបើកឆាក ប៉ុន្តែចាប់តាំងពីពេលនោះមក ពួកគេបានរកឃើញទម្រង់លេងល្អឡើងវិញ ដោយឈ្នះរហូតដល់ ៥ ប្រកួតក្នុងចំណោម ៧ ប្រកួតចុងក្រោយគ្រប់កម្មវិធីប្រកួត។ បច្ចុប្បន្ន ក្លិបកំពុងឈរនៅលេខរៀងទី ១១ ក្នុងតារាងពិន្ទុ League One។
គួរបញ្ជាក់ថា លោក Aiyawatt វ័យ ៤១ ឆ្នាំ គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន King Power ហើយលោកបានចូលកាន់តំណែងគ្រប់គ្រងក្លិប Leicester ក្នុងឆ្នាំ ២០១៨ បន្ទាប់ពីមរណភាពរបស់ឪពុកលោក។ យោងតាមទស្សនាវដ្តី Forbes គិតត្រឹមខែកក្កដា ឆ្នាំ ២០២៦ ទ្រព្យសម្បត្តិសុទ្ធរបស់លោកមានចំនួន ២,៤ ពាន់លានដុល្លារអាមេរិក ដែលធ្វើឱ្យលោកឈរនៅលេខរៀងទី ៩ ក្នុងបញ្ជីមហាសេដ្ឋីមានបំផុតទាំង ៥០ នៅប្រទេសថៃ៕
ប្រែសម្រួល៖ គីរី
