Event

វឌ្ឍនៈ គ្រុប ប្រកាសបើកព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលលំដាប់ពិភពលោក «Vattanac Legends Championship» លើកទី២ ដោយមានកីឡាករកំពូលៗមកពី ២២ប្រទេសចូលរួម

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលលំដាប់អន្តរជាតិដ៏ធំប្រចាំឆ្នាំ ពានរង្វាន់ Vattanac Legends Championship លើកទី២ ត្រូវបានប្រកាសបើកជាផ្លូវការនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ នៅទីលានវាយកូនគោល វឌ្ឍនៈ ហ្គោល រីហ្សត រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា ឈុន លាង សហស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានគូសបញ្ជាក់ថា បន្ទាប់ពីទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការរៀបចំលើកទី១ កាលពីឆ្នាំ២០២៥ ស្ថាប័ន The Legends…

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលលំដាប់អន្តរជាតិដ៏ធំប្រចាំឆ្នាំ ពានរង្វាន់ Vattanac Legends Championship លើកទី២ ត្រូវបានប្រកាសបើកជាផ្លូវការនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ នៅទីលានវាយកូនគោល វឌ្ឍនៈ ហ្គោល រីហ្សត រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា ឈុន លាង សហស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានគូសបញ្ជាក់ថា បន្ទាប់ពីទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការរៀបចំលើកទី១ កាលពីឆ្នាំ២០២៥ ស្ថាប័ន The Legends Tour បានបន្តផ្តល់ទំនុកចិត្ត និងទទួលស្គាល់សមត្ថភាពរៀបចំ ព្រមទាំងស្តង់ដារបដិសណ្ឋារកិច្ចដ៏ល្អឯករបស់កម្ពុជា ដោយអនុញ្ញាតឱ្យក្រុមហ៊ុន វឌ្ឍនៈ គ្រុប និង វឌ្ឍនៈ ហ្គោល រីហ្សត នាំយកព្រឹត្តិការណ៍លំដាប់ពិភពលោកនេះមករៀបចំជាលើកទី២ ជាមួយនឹងវិសាលភាពកាន់តែធំជាងមុន។

លើសពីនេះអ្នកឧកញ៉ា បានបញ្ជាក់បន្ថែមថា ការប្រកួតផ្លូវការនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមពីកីឡាករវាយកូនគោលលំដាប់កំពូលៗ (រួមទាំងម្ចាស់ពានរង្វាន់ធំៗ Major Champions និងប្រធានក្រុម Ryder Cup) សរុបរហូតដល់ ៧៩នាក់ (កើនឡើងលើសឆ្នាំ២០២៥ ដែលមានត្រឹម ៦០នាក់) មកពី ២២ប្រទេស ជុំវិញពិភពលោក ក្នុងនោះក៏មានកីឡាករតំណាងប្រទេសកម្ពុជា ១រូបផងដែរ។

អ្នកឧកញ៉ា បានសង្កត់ធ្ងន់ទៀតថា សម្រាប់ វឌ្ឍនៈ គ្រុប, Vattanac Championship មិនមែនគ្រាន់តែជាការប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែជាស្ពានតភ្ជាប់កម្ពុជាទៅកាន់ពិភពលោកទាំងមូល ដើម្បីបង្ហាញពីសុខសន្តិភាព ភាពរីកចម្រើន មោទនភាពជាតិ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា ព្រមទាំងជំរុញវិស័យកីឡា ទេសចរណ៍ និងការវិនិយោគនៅកម្ពុជាឱ្យកាន់តែរីកចម្រើន»។

ជាមួយគ្នានេះ អ្នកឧកញ៉ាក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគាំទ្រយ៉ាងពេញទំហឹងដល់ការរៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិមួយនេះ ក៏ដូចជាអបអរសាទរចំពោះភាពជោគជ័យរបស់រាជរដ្ឋាភិបាលក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) លើកទី២០ នាពេលថ្មីៗនេះ។

គួរបញ្ជាក់ផងដែរថា ទីលានវាយកូនគោល វឌ្ឍនៈ ហ្គោល រីហ្សត ដែលរចនាឡើងដោយវីរកីឡាករពិភពលោក Sir Nick Faldo បានរួមបញ្ចូលគ្នារវាងស្តង់ដារបច្ចេកទេសលំដាប់អន្តរជាតិ និងរចនាបថស្ថាបត្យកម្មវប្បធម៌ខ្មែរ ដូចជារូបចម្លាក់ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ព្រហ្មមុខបួន លានជល់ដំរី និងព្រះបាទជ័យវរ្ម័នទី៧៕

Most Popular

To Top