ភ្នំពេញ៖កីឡាករ-កីឡាការិនីវាយកូនឃ្លីលើតុចំនួន ៦៤ រូបចូលរួមការប្រកួតកីឡាវាយកូនឃ្លីលើតុ ពានរង្វាន់ PS GREENLINK CUP លើកទី១ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្លិបកីឡាវាយកូនឃ្លីលើតុ ហាវៃក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ដោយការប្រកួតនេះរៀបចំដោយក្លិបកីឡាវាយកូនឃ្លីលើតុ ហាវៃសហការជាមួយសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ក្រោមការឧបត្ថម្ភ PS GREENLINK ។
ក្នុងឱកាសបើកការប្រកួតកីឡាវាយកូនឃ្លីលើតុ ពានរង្វាន់នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក បេងហុង សុជាតិសិលា អនុប្រធានសហព័ន្ធកីឡាកីឡា វាយកូនឃ្លីលើតុកម្ពុជា តំណាងឲ្យ លោក គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា លោក តាំង ពិសីដ្ឋ អគ្គនាយកក្រុមហ៊ុន PS GreenLink និង កីឡាករ-កីឡាការិនីវាយកូនឃ្លីលើតុចំនួន ៦៤ រូប។
លោក តាន់ សុភ័ក្រ្ត ហៅគ្រូឆាង ប្រធានគណៈកម្មការរៀបចំ បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាវាយកូនឃ្លីលើតុ ពានរង្វាន់ PS GREENLINK CUP នៅក្លិបប៉េងប៉ុងហាវ៉ៃអូឡាំពិក រៀបចំឡើងក្នុងគោលបំណងបណ្តុះស្មារតីកីឡា បង្កើតឱកាសសម្រាប់កីឡាករវា័យចាស់ និងយុវជនក្នុងការបង្ហាញសមត្ថភាព និង សក្តានុពលរបស់ខ្លួន ព្រមទាំងផ្លាស់ ប្តូរបទពិសោធន៍ បច្ចេកទេសដើម្បីអភិវឌ្ឍ ខ្លួនឲ្យកាន់តែខ្លាំងក្លា។ ការចូលរួមរបស់កីឡាករ-កីឡាការិនីទាំងអស់នាឱកាសនេះ បានបង្ហាញយ៉ាងច្បាស់ពីក្តីស្រឡាញ់ ភាព ក្លាហាន និងឆន្ទៈមោះមុតចំពោះវិស័យកីឡាវាយកូនឃ្លីលើតុ ហើយថែមទាំងជាការរួមចំណែកជំរុញទឹកចិត្ត កីឡាករ កីឡាការិនីផ្សេងទៀតឲ្យខិតខំប្រឹងប្រែងហ្វឹកហាត់ បង្កើនសមត្ថភាព និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន។
លោក ប្រធានគណៈកម្មការរៀបចំ បានបន្តថា ការប្រកួតខាងលើនេះដំណើរទៅបានដោយមានការឧបត្ថម្ភក្រុមហ៊ុន PS GreenLink គឺជាអាជីវកម្មដែលផ្តោតលើការនាំចូល និងផ្គត់ផ្គង់សម្ភារអគ្គិសនី ព្រមទាំងការផ្គត់ផ្គង់សម្ភារសម្រាប់គម្រោងសំណង់នៅ កម្ពុជា ដោយមានទិសដៅពង្រីកសេវាកម្មទៅកាន់ដំណោះស្រាយប្រព័ន្ធ MEP (Mechanical, Electrical & Plumbing)។ ដៃគូក្រុមហ៊ុនឯកជនជាដៃគូដ៏សំខាន់ក្នុងការអភឌ្ឍន៍វិស័យក្នុងប្រទេសកម្ពុជា ជាពិសេសប្រភេទកីឡាវាយកូនឃ្លីលើតុដែលជាប្រភេទកីឡាអូឡាំពិក។
លោក តាន់ សុភ័ក្រ្ត បានបន្ថែមថា ការប្រកួតលើវិញ្ញាសា គូនេះ កីឡាករ-កីឡាការិនី កម្រិត A គូនឹង កម្រិត 😎 ហើយកីឡាករ កីឡាការិនីទាំងអស់ អាចចាប់ដៃគូដោយខ្លួនឯងបាន ដោយកីឡាករ កីឡាការិនី កម្រិត A ត្រូវចាប់គូជាមួយនឹង កីឡាករ កីឡាការិនី កម្រិត B ។ (មិនអាចចាប់គូជាមួយកីឡាករ កីឡាការិនី កម្រិត A ទាំង២នាក់បានទេ) ។
រូបមន្តនៃការប្រកួត៖
- ដំណាក់កាលទី១ វិលជុំ (Round Robin) ក្នុងពូល បែងចែកជា ៨ពូល ក្នុង១ពូល មានចំនួន៤គូ (បញ្ជាក់៖ ក្នុង១ពូល យកពីរ គូ ចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូល ចូលក្នុងដំណាក់កាលទី២ ដើម្បីខ្វែង ជម្រុះ)។
២.១ ការប្រកួតខ្វែង ជម្រុះ
- ចំពោះគូចំណាត់ថ្នាក់លេខ២ ក្នុងពូល ត្រូវធ្វើការចាប់ ឆ្នោត ប្រកួតជាមួយ គូចំណាត់ថ្នាក់លេខ១ ក្នុងពូល។
ដំណាក់កាលទី២ ជម្រុះ រហូតដល់ ចំណាត់ថ្នាក់លេខ១ លេខ២ និង លេខ៣ (មិនមាន លេខ៣ ស្ទួនទេ)
-គ្រប់ការប្រកួតទាំងអស់ ប្រកួត ៥សិត (ឈ្នះ៣សិតមុន ជាអ្នកឈ្នះ) ។
៤.ការកំណត់ចំណាត់ថ្នាក់ការប្រកួតវិលជុំ៖ ការផ្តល់ពិន្ទុការប្រកួតក្នុងរូបមន្តវិលជុំ (Round Robin) ឈ្នះទទួលបាន២ពិន្ទុ ចាញ់ទទួលបាន១ពិន្ទុ និង បោះបង់ការប្រកួតទទួលបាន០ពិន្ទុ។ (បញ្ជាក់៖ ចំពោះ ២គូ មានពិន្ទុស្មើគ្នាត្រូវគិតនៅពេលប្រកួត ជួបគ្នា គូណាឈ្នះ ចាត់ទុកជាអ្នកឈ្នះ និងចំពោះ ៣គូឡើងទៅ មានពិន្ទុស្មើគ្នា ត្រូវយក សិតឈ្នះ ចែកនឹងសិតចាញ់ ចេញជា លទ្ធផល គូណាបានតួលេខច្រើនជាងគេចាត់ទុកជាអ្នកឈ្នះ) ៕

ដោយ៖លី ភីលីព






