ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ីរ៉ង់ ជំរុញឲ្យអាមេរិក ដកទណ្ឌកម្ម ដើម្បីដោះស្រាយជម្លោះនុយក្លេអ៊ែរ

តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រ៉ូហានី កាលពីថ្ងៃពុធបានជំរុញឱ្យសហរដ្ឋអាមេរិក ដកទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីដោះស្រាយជម្លោះនុយក្លេអ៊ែរ ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ ដែលអាមេរិក បានដកខ្លួនចេញជាឯកតោភាគីកាលពីឆ្នាំ២០១៨ ក្នុងរដ្ឋបាលអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ។

លោករូហានី ត្រូវបានគេដកស្រង់សម្តីដោយលើកឡើងថា “ប្រសិនបើយើងកំពុងស្វែងរកការទូត (ដើម្បីដោះស្រាយជម្លោះ) ផ្លូវច្បាស់លាស់គឺត្រូវដកទណ្ឌកម្ម ហើយមិនមានជំរើសផ្សេងទៀតនោះទេ”។

ប្រធានាធិបតីអ៊ីរ៉ង់ បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson កាលពីថ្ងៃពុធ ដោយបានជំរុញឲ្យអាមេរិក ដកទណ្ឌកម្ម ដើម្បីដោះស្រាយជម្លោះនុយក្លេអ៊ែរ។

លោករ៉ូហានីបានបន្ដថា រហូតមកដល់ពេលនេះរដ្ឋបាលអាមេរិកថ្មី មិនបានចាត់វិធានការជាក់ស្តែងណាមួយ ដើម្បីវិលត្រឡប់ទៅរកកិច្ចព្រមព្រៀង និងដកទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់នោះទេ។

លោកក៏បានរិះគន់ផងដែរ នូវហត្ថលេខីអឺរ៉ុប នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ផងដែរថា ជាផែនការសកម្មភាពរួម (JCPOA) ចំពោះអ្វីដែលលោកហៅថា ការបរាជ័យ របស់ពួកគេ ក្នុងការប្រកាន់ខ្ជាប់ នូវការប្តេជ្ញាចិត្ត JCPOA របស់ពួកគេ ក្នុងការការពារផល ប្រយោជន៍របស់អ៊ីរ៉ង់ ក្រោមកិច្ចព្រមព្រៀងនេះ។

អតីតរដ្ឋបាលសហរដ្ឋអាមេរិក បានចាកចេញពី JCPOA ក្នុងឆ្នាំ២០១៨ និងបានដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ ដែលបន្ទាប់មកមានប្រតិកម្ម ចំពោះការផ្លាស់ប្តូរ របស់សហរដ្ឋអាមេរិក ដោយចាកចេញបន្តិចម្តងៗ នូវផ្នែកនៃការប្តេជ្ញាចិត្តរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងនេះ ៕
ដោយ ឈូក បូរ៉ា

Most Popular

To Top