យោងតាមការវិភាគថ្មីដោយ Greenpeace បានឲ្យដឹងថា នាវាដឹកប្រេងចំនួន៨គ្រឿង ដែលផ្ទុកការនាំចូលប្រេង ពីរុស្ស៊ី តម្លៃចំនួន ២២០ លានផោន បានមកដល់ចក្រភពអង់គ្លេស ចាប់តាំងពីវិមានក្រឹមឡាំង បានបញ្ជូនកងទ័ព និងរថក្រោះ ចូលទៅក្នុងប្រទេសអ៊ុយក្រែន យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។
ក្រុមយុទ្ធនាការនេះ បានបង្កើតកម្មវិធីតាមដានដោយស្វ័យប្រវត្តិ នូវនាវាដឹកប្រេងនាំយកឥន្ធនៈហ្វូស៊ីល របស់រុស្ស៊ី ដោយរាប់បញ្ចូលការនាំចូលប្រេងចំនួន ១.៩ លានបារ៉ែលភាគច្រើន ជាប្រេងម៉ាស៊ូត។
រដ្ឋាភិបាលចក្រភពអង់គ្លេស បានហាមឃាត់កប៉ាល់ដែលគ្រប់គ្រង ឬដំណើរការរបស់រុស្ស៊ីពីការចូលចត នៅកំពង់ផែចក្រភពអង់គ្លេស ប៉ុន្តែកប៉ាល់ធ្វើដំណើរទង់ជាតិផ្សេងទៀត ត្រូវបានអនុញ្ញាតឲ្យនាំចូល ឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី។
ចាប់តាំងពីការនាំចូលប្រេងទាំងនេះ បានមកដល់ដោយស្របច្បាប់ Greenpeace អះអាងថា ការហាមឃាត់លើនាវារុស្ស៊ីគឺ និមិត្តសញ្ញា។ អ្នកធ្វើយុទ្ធនាការ Georgia Whitaker បានប្រាប់គេហទំព័រស្គាយញ៉ូវថា ដើម្បីសន្តិភាពសម្រាប់ភាពអាសន្ន នៃអាកាសធាតុ និងសម្រាប់វិបត្តិតម្លៃរស់នៅ វាពិតជាចាំបាច់ដែលយើង បញ្ឈប់ការនាំចូលពីរុស្ស៊ីទាំងនេះ។
ប្រទេសរុស្ស៊ីផ្គត់ផ្គង់ ១៨ភាគរយ នៃប្រេងម៉ាស៊ូតរបស់ចក្រភពអង់គ្លេស ដែលប្រើប្រាស់ជាចម្បង នៅក្នុងរថយន្ត និងការដឹកជញ្ជូនធុនធ្ងន់ ក៏ដូចជាយានយន្តកសិកម្ម និងនេសាទ។ ចក្រភពអង់គ្លេសបានប្ដេជ្ញា កាត់ផ្តាច់ប្រេងរបស់រុស្ស៊ី នៅដំណាច់ឆ្នាំនេះ ក្នុងការប៉ុនប៉ងដើម្បីផ្តាច់ប្រភពចំណូល ដ៏មានតម្លៃទៅកាន់ទីក្រុងម៉ូស្គូ៕ ដោយ៖លី ភីលីព