សិល្បៈ និង កម្សាន្ត

កុំច្រឡំ! នាយ តាក់ស៊ី ធ្វើពិធីឡើងផ្ទះ និងហាងថ្មីតម្លៃជិត ២០ម៉ឺនដុល្លារ ប៉ុន្តែមិនមែនជាកម្មសិទ្ធផ្ទាល់ខ្លួន

ភ្នំពេញ៖ កាលពីប្រមានជាង ២ខែមុន លោក ប៉ុល សារឿង ហៅនាយតាក់ស៊ី ដែលទស្សនិកជនស្គាល់យ៉ាងច្បាស់ថា ជាតារាកំប្លែងដ៏មានប្រជាប្រិយភាពម្នាក់នៅក្នុងក្រុមកំប្លែង CBS បានទួញថ្ងូ រៀបរាប់ថា ខ្លួនជួបទុក្ខលំបាករកព្រឹកខ្វះល្ងាច ដើរថតបានលុយបន្តិចបន្តួចទុកសម្រាប់ផ្គត់ផ្គង់ម្ដាយនៅស្រុក រហូតដល់ខែខ្លះម្ចាស់បន្ទប់ជួលអាណិតមិនយកលុយថ្លៃឈ្នួលមួយខែ ៦០ដុល្លារ ទៀតផង ។

យ៉ាងណាមិញ ដូចពាក្យចាស់ថា ក្រោយភ្លៀងមេឃស្រឡះ ដោយសារតែម្សិលមិញនេះ បានផ្ទុះព័ត៌មានថា នាយតាក់ស៊ី បានសម្ពោធហាងថ្មី និងឡើងគេហដ្ឋានថ្មី តម្លៃ១៨ម៉ឺនដុល្លារ នៅបុរីហ្គ្រេនភ្នំពេញ កាលពីយប់ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះ ។ នេះបើយោងតាមការបង្ហាញដោយលោក អ៊ឹម ជីវ៉ា ។

ជុំវិញនឹងព័ត៌មានខាងលើនេះដែរ បានធ្វើឱ្យមានការងឿងឆ្ងល់ ក៏ដូចជារិះគន់ពីសំណាក់មហាជនទៅលើនាយ តាក់ ស៊ី ដោយមិនយល់ថា ហេតុអ្វីត្រឹមតែរយៈពេល ២ខែសោះ វាសនាខុសគ្នាដូចមេឃ និងដី ។ ២ ខែមុន ស្ទើតែគ្មាលុយបង់បន្ទប់ជួលត្រឹមតែមួយខែ ៦០ដុល្លារ ប៉ុន្តែឥលូវបែជាមានលុយជិត ២០ម៉ឺនដុល្លារ ទិញផ្ទះ និងបើកហាង? ឬនាយតាក់ ស៊ី ចេះបង្វិលផែនដី ? ឬមួយកាលពី ២ខែមុននាយ តាក់ ស៊ី សម្ដែង ដើម្បីសុំលុយមហាជន យកទៅបង្គ្រប់លុយទិញផ្ទះ?

ជាមួយគ្នានេះដែរ បើយោងតាមការផ្ដល់បទសម្ភាសន៍របស់សនាយ តាក់ស៊ី នៅក្នុងពិធីឡើងផ្ទះ និងហាងលក់ពូក តម្លៃជិត ២០ម៉ឺនដុល្លារនេះ នាយ តាក់ស៊ី បាននិយាយថា តាមពិតផ្ទះ ក៏ដូចជាដើមទុន រាប់សិបម៉ឺនដុល្លារនេះ ពុំមែនជារបស់នាយឡើយ ពោលគឺជារបស់ មិត្តភក្ដិដែលគេប្រគល់ឱ្យនាយគ្រប់គ្រងប៉ុណ្ណោះ ចំណែកផ្ទះ ក៏គេធ្វើឱ្យស្នាក់នៅដោយមោនគិតថ្លៃឈ្នួលដែរ ។

គួរឱ្យដឹងថា នាយ តាក់ស៊ី ក្រោយពីលែងលះភរិយាដើម គឺអ្នកនាង ភីម កាលពីពាក់កណ្ដាលឆ្នាំ ២០១៩ រួចមក ឃើញថា ជីវិតរបស់នាយ ចាប់ផ្ដើមរសាត់អណ្ដែត លាឈប់ពីអាជីពកំប្លែង និងឈានដល់សាងផ្លួសទៀតផង ។ យ៉ាងណាមិញ ដោយសារតែក្ដីអាណិតអាសូរ ក៏ត្រូវបាន លោក សុវណ្ណ រិ ទ្ធី ហៅ តាវ៉ិច ទ័រ ហៅមកឱ្យថត កំប្លែងនៅ CTN ឡើងវិញបន្ទាប់ពីលោកបានបង្ហាញ បំណងចង់ វិលរកឆាកសម្តែងជាថ្មីត្បិត ក្រោយពីសឹកលោកគ្មានសល់អ្វី និងមិនមានមុខរបរក្រៅពីលេង កំប្លែងដើម្បីចិញ្ចឹមជីវិត នោះឡើយ ។

នៅពាក់កណ្ដាលឆ្នាំ ២០២០ នាយតាក់ស៊ីក៏បានរៀបការជាមួយប្រពន្ធថ្មីជាស្ត្រីមេម៉ាយ កូន១ វ័យ ៣៩ឆ្នាំ រស់នៅក្រុងបាវិត ខេត្ដស្វាយរៀង។ ហើយតំណាលគ្នានោះ តារាកំប្លែងវ័យ ៤២ឆ្នាំរូបនេះ ក៏ល្បីថាឡើងមុខមាត់ក្លាយជាថៅកែការ៉ាស់លក់រថយន្ត និងដីឡូតិ៍ ចាប់ដៃគូររកស៊ីជាមួយលោក ឃឿន សូឡា ហៅ K01 ។

ទាក់ទងជាមួយឈ្មោះជាថៅកែនេះផងដែរ នាយ តាក់ស៊ី ក៏បានបកស្រាយជាមួយលោក អ៊ឹម ជីវ៉ា ថា តាមពិតលោក មិនមែនជាថៅកែ ការ៉ាស់លក់រថយន្ត និងដីឡូតិ៍ អ្វីឡើយ ពោលគឺលោកគ្រាន់តែស៊ីឈ្នួលឈរឈ្មោះឱ្យគេប៉ុណ្ណោះ មិនមានលទ្ធភាពអ្វីសម្រាប់ បើកអាជីវកម្មខ្លួនឯងឡើយ ។ បច្ចុប្បន្ននេះនាយ តាក់ ស៊ី បានភ្ជាប់និស្ស័យដោយធ្វើពិធីសែនព្រេនជាមួយភរិយាថ្មីឈ្មោះ សុខ លីន និងកំពុងគ្រប់គ្រងហាងលក់ពូកមួយដែលជាការបោះទុនពីសំណាក់មិត្តភក្តិរបស់នាយ តាក់ ស៊ី ផ្ទាល់តែម្ដង ៕

ដោយ៖ ម៉ានី

Most Popular

To Top