សិល្បៈ និង កម្សាន្ត

ខ្សែភាពយន្ត ‘Spider-Man: Brand New Day’ ត្រៀមចាក់បញ្ចាំងឡើងវិញនៅខែធ្នូ ជាមួយនឹងឈុតឆាកថ្មីៗ

បរទេស ៖ ស្ទូឌីយោ MARVEL បានប្រកាសថា កំណែបន្ថែមឈុតថ្មី របស់ខ្សែភាពយន្តនេះ នឹងត្រូវបានដាក់ចំណងជើងជាផ្លូវការថា Spider-Man: [Brand New] Brand New Day ហើយគ្រោងនឹងវិលត្រឡប់មកចាក់បញ្ចាំង ជាពិសេសតែនៅក្នុងរោងកុនវិញ នៅថ្ងៃសុក្រ ទី៤ ខែធ្នូ ខាងមុខនេះ។ ឈុតឆាកថ្មីនេះនឹងមានរយៈពេលសរុប ១០ នាទី ដោយមានរួមបញ្ចូលនូវឈុត ដែលមិនធ្លាប់បានបង្ហាញពីមុនមក ក្នុងនោះរួមមានឈុតរបស់អ្នកនាង Rosario Dawson ដែលដើរតួជា Night Nurse ផងដែរ។ ការចាក់បញ្ចាំងឡើងវិញនេះ ក៏នឹងមានរួមបញ្ចូលនូវការភ្ញាក់ផ្អើលមួយចំនួនទៀត ដែលមិនទាន់ត្រូវបានទម្លាយឱ្យដឹងនៅឡើយទេ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន The Hollywood Reporter ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោក Tom Holland បានវិលត្រឡប់មកកាន់ផ្ទាំងសំពត់សធំម្តងទៀត ក្នុងតួអង្គ Peter Parker សម្រាប់ខ្សែភាពយន្ត Spider-Man: Brand New Day របស់អ្នកដឹកនាំរឿងលោក Destin Daniel Cretton ដែលបានធ្វើឱ្យកក្រើកទីផ្សារយ៉ាងខ្លាំងនៅពេលចាក់បញ្ចាំងកាលពីថ្ងៃទី ៣១ ខែកក្កដា។ បច្ចុប្បន្ន ភាពយន្តនេះឈរនៅកំពូលតារាងជាភាពយន្តដែលរកចំណូលបានខ្ពស់បំផុតប្រចាំប្រវត្តិសាស្ត្រនៃការលក់សំបុត្រក្នុងស្រុក (អាមេរិកខាងជើង) ជាមួយនឹងទំហំទឹកប្រាក់ ៩៥៩ លានដុល្លារ ដែលមានន័យថា ការចាក់បញ្ចាំងឡើងវិញនេះអាចនឹងជួយរុញច្រានចំណូលឱ្យហួសពីកំណត់ត្រា ១ ពាន់លានដុល្លារ។ ខ្សែភាពយន្តដែលមានការចូលរួមសម្តែងដោយ Zendaya, Jon Bernthal, Mark Ruffalo និង Sadie Sink មួយនេះ ក៏បានឈរនៅលេខរៀងទី ៣ ក្នុងតារាងភាពយន្តរកចំណូលបានខ្ពស់បំផុតទូទាំងពិភពលោកផងដែរ ជាមួយនឹងទឹកប្រាក់ ២,៥ ពាន់លានដុល្លារ។

គួររំលឹកផងដែរថា ភាពយន្តដែលគ្រោងនឹងចាក់បញ្ចាំងនៅថ្ងៃទី ៤ ខែធ្នូ នោះ ក៏មានរឿង Violent Night 2 របស់ផលិតកម្ម Universal សម្តែងដោយលោក David Harbour, រឿង Behemoth! សម្តែងដោយលោក Pedro Pascal និងភាពយន្តសកម្មភាព Above the Below របស់ផលិតកម្ម Lionsgate សម្តែងដោយលោក Idris Elba ផងដែរ។ ខ្សែភាពយន្ត Spider-Man: Brand New Day ត្រូវបានផលិតដោយ Marvel Studios និងអ្នកស្រី Amy Pascal។

សារព័ត៌មាន The Hollywood Reporter បានរាយការណ៍កាលពីចុងខែកញ្ញាថា Brand New Day នឹងត្រឡប់មកកាន់រោងកុនវិញជាមួយឈុតឆាកដែលមិនធ្លាប់បានបញ្ចាំង។ ព័ត៌មាននេះបានលេចចេញឡើងប៉ុន្មានថ្ងៃបន្ទាប់ពីភាពយន្ត Avengers Endgame: Encore របស់ Marvel Studios បានឈរនៅលើកំពូលតារាង Box Office ក្នុងស្រុកប្រចាំចុងសប្តាហ៍ ដោយការចាក់បញ្ចាំងឡើងវិញនូវភាពយន្តខ្នាតធំប្រចាំឆ្នាំ២០១៩ មួយនេះរកចំណូលបាន ២៦ លានដុល្លារ យកឈ្នះលើភាពយន្តថ្មីៗជាច្រើន។ ការចាក់បញ្ចាំងឡើងវិញនៃរឿង Endgame នេះ ធ្វើឡើងស្របពេលដើម្បីជួយទាក់ទាញចំណាប់អារម្មណ៍បន្ថែមសម្រាប់ភាពយន្ត Avengers: Doomsday របស់ Disney ដែលនឹងចាក់បញ្ចាំងនៅថ្ងៃទី ១៨ ខែធ្នូ។

ក្នុងអំឡុងពេលកម្មវិធីជួបជុំអ្នកគាំទ្រកាលពីខែកក្កដា អ្នកនាង Dawson បានប្រាប់ទស្សនិកជនថា អ្នកនាងបានថតឈុតមួយសម្រាប់រឿង Brand New Day ក្នុងតួអង្គ Claire Temple ជាតួអង្គរបស់ Marvel ដែលអ្នកនាងធ្លាប់បានសម្តែងក្នុងស៊េរីរឿង Daredevil, Jessica Jones, Luke Cage, Iron Fist និង The Defenders ប៉ុន្តែឈុតនោះត្រូវបានកាត់ចេញវិញនៅពេលចុងក្រោយ។

អ្នកនាងបានមានប្រសាសន៍នៅពេលនោះអំពីតួអង្គរបស់អ្នកនាង ដែលជាទម្រង់មួយនៃតួអង្គ Night Nurse ថា៖ “តួអង្គរបស់ខ្ញុំមានវត្តមាននៅកន្លែងណាមួយក្នុងចក្រវាលតែមួយនោះ ហើយខ្ញុំពិតជាស្រឡាញ់ចំណុចនេះណាស់។ ខ្ញុំសង្ឃឹមថាខ្ញុំនឹងបានក្លាយជា Claire ម្តងទៀត។”

ថ្លែងទៅកាន់សារព័ត៌មាន THR បន្តិចបន្ទាប់ពីការចាក់បញ្ចាំងរឿង Brand New Day ប្រធានផ្នែកភាពយន្តរបស់ក្រុមហ៊ុន Sony លោក Tom Rothman បានលើកឡើងពីបញ្ហាប្រឈមក្នុងការបន្តភាពជោគជ័យពីភាពយន្តមុនគឺ Spider-Man: No Way Home ឆ្នាំ២០២១ ដែលមានការវិលត្រឡប់ដ៏គួរឱ្យភ្ញាក់ផ្អើលនៃអតីតតួអង្គ Peter Parker សម្តែងដោយលោក Tobey Maguire និងលោក Andrew Garfield។

លោក Rothman បានពន្យល់ថា៖ “សេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្រគឺ ជំនួសឱ្យការព្យាយាមធ្វើនូវអ្វីដែលយើង ទាំងអស់គ្នាគិតថាប្រហែលជាការប្រឹងប្រែង ដ៏ទទេស្អាតមួយ ដើម្បីធ្វើឱ្យវា ‘ធំជាងមុន’ នោះ យើងគ្រាន់តែជ្រើសរើសធ្វើវាឱ្យ ‘ស៊ីជម្រៅជាងមុន’ វិញ។ នោះគឺជាជម្រើសដ៏ច្បាស់លាស់មួយ ក្នុងការផ្តោតលើរបៀបដែលយើងអាចធ្វើឱ្យទស្សនិកជនមានអារម្មណ៍រំជួលចិត្ត។”

ប្រែសម្រួល៖​ គីរី

Most Popular

To Top