បរទេស៖ មហោស្រពតន្ត្រីដ៏ល្បីល្បាញ របស់ចក្រភពអង់គ្លេស Glastonbury Festival កាលពីថ្ងៃពុធ (ទី១៨ ខែវិច្ឆិកា) បានបង្ហាញបញ្ជីឈ្មោះតារាសម្តែង សម្រាប់ឆ្នាំ២០២៧ ដោយមានតារាល្បីៗដូចជា Harry Styles, Billie Eilish និង Sam Fender ត្រៀមខ្លួនជាតារានាំមុខគេ រួមជាមួយតារាចម្រៀងជើងចាស់ Cher នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។
សំបុត្រសម្រាប់ព្រឹត្តិការណ៍ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនាឆ្នាំក្រោយនេះ ត្រូវបានលក់អស់ក្នុងរយៈពេលត្រឹមតែ ៤៥ នាទីប៉ុណ្ណោះកាលពីខែមុន ដោយមានមនុស្សរាប់ពាន់នាក់សម្រុកទិញ ទោះបីជាមានតម្លៃថ្លៃក៏ដោយ។
តារាល្បីៗផ្សេងទៀតនៅក្នុងបញ្ជីរួមមាន Massive Attack, Lily Allen, Lola Young, Kraftwerk, Texas និង De La Soul នេះបើយោងតាមផ្ទាំងរូបភាពបង្ហាញបញ្ជីឈ្មោះសិល្បករដែលបានចេញផ្សាយនៅលើគេហទំព័ររបស់មហោស្រព។ ទន្ទឹមនឹងនេះ តារាចម្រៀង Country លោកស្រី Kacey Musgraves តារាកំពុងរះ FKA twigs និងតារាចំណូលថ្មី Adela ក៏មានឈ្មោះចូលរួមផងដែរ ខណៈដែលសិល្បករជាច្រើនទៀតនឹងត្រូវប្រកាសជាបន្តបន្ទាប់។
លោកស្រី Cher វ័យ ៨០ ឆ្នាំ នឹងឡើងសម្តែងក្នុងវគ្គតារាជើងចាស់ (legend slot) នៅថ្ងៃអាទិត្យ។ ដោយនឹងមានអាយុ ៨១ ឆ្នាំនៅពេលសម្តែង លោកស្រីនឹងក្លាយជាសិល្បករដែលមានវ័យចំណាស់ជាងគេបំផុតដែលឡើងសម្តែងក្នុងវគ្គនេះ ដោយដណ្តើមតំណែងពីលោក Rod Stewart។
មហោស្រពដែលប្រារព្ធឡើងនៅកសិដ្ឋាន Worthy Farm ភាគនិរតីប្រទេសអង់គ្លេសមួយនេះ បានក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងប្រតិទិនតន្ត្រីអន្តរជាតិ បន្ទាប់ពីបានចាប់ផ្តើមដំបូងក្នុងឆ្នាំ១៩៧០ ដោយទទួលឥទ្ធិពលពីចលនាហ៊ីបពី (hippie) និងចលនាវប្បធម៌ផ្ទុយ (counterculture) របស់អង់គ្លេស។
តម្លៃសំបុត្របានកើនឡើងជាលំដាប់ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយសំបុត្រធម្មតាមានតម្លៃ ៤០៨ ផោន (៥៣៩ ដុល្លារអាមេរិក) សម្រាប់ព្រឹត្តិការណ៍ខែមិថុនា ឆ្នាំ២០២៧ ដែលជាការវិលត្រឡប់មកវិញបន្ទាប់ពី «ឆ្នាំសម្រាក» (fallow year) ដែលមិនមានការរៀបចំមហោស្រពក្នុងឆ្នាំ២០២៦។
អ្នករៀបចំកម្មវិធី លោកស្រី Emily Eavis បានលើកឡើងនៅលើ Instagram ថា៖ «យើងពិតជារីករាយណាស់ដែលបានវិលត្រឡប់មកវិញបន្ទាប់ពីឆ្នាំសម្រាករបស់យើង» ដោយលោកស្រីបានពណ៌នាបញ្ជីឈ្មោះតារាឆ្នាំនេះថាជាការប្រមូលផ្តុំសិល្បករដ៏ «អស្ចារ្យ»។
ធ្លាប់ជាឋានសួគ៌សម្រាប់ក្រុមតន្ត្រីរ៉ុកជើងចាស់របស់អង់គ្លេស បញ្ជីឈ្មោះសិល្បកររបស់ Glastonbury ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបានងាកមកបញ្ចូលតារាចម្រៀងប៉ុបលំដាប់ពិភពលោក រួមជាមួយតារាជើងចាស់នៃមហោស្រព ដោយមានវត្តមានតារាដូចជា Charli XCX, Dua Lipa និង Olivia Rodrigo ឡើងបង្ហាញខ្លួនលើឆាកផងដែរ។
ប្រែសម្រួល៖ គីរី
