ព័ត៌មានអន្តរជាតិ

Newcastle ជាប់ឈ្មោះជាទីក្រុង ដ៏អាក្រក់បំផុត នៅអឺរ៉ុប សម្រាប់ការបំពុល ដោយអាសូតឌីអុកស៊ីត

Newcastle៖ យោងតាមការសិក្សាថ្មីមួយបានឲ្យដឹងថា កម្រិតនៃការបំពុលខ្យល់ បានកើនឡើង នៅទូទាំងទីក្រុងធំៗ នៅអឺរ៉ុបក្នុងខែមីនា ជាមួយនឹងកំហាប់អាសូតឌីអុកស៊ីត ខ្ពស់បំផុត ត្រូវបានកត់ត្រានៅទីក្រុង Newcastle upon Tyne ដោយសារគុណភាពខ្យល់ កាន់តែយ៉ាប់យ៉ឺន នៅទូទាំងទីក្រុងធំៗជាច្រើន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ក្រុមហ៊ុន Cleantech Airly ប្រើឧបករណ៍ចាប់សញ្ញា និងក្បួនដោះស្រាយ ដែលជំរុញដោយ AI ដើម្បីសិក្សាពីធាតុនីត្រូអុកស៊ីត (NO2) និងធាតុភាគល្អិត (PM10) នៃការបំពុលខ្យល់នៅទូទាំងទីក្រុងអឺរ៉ុប។ វាបានរកឃើញថា កំហាប់អាសូតឌីអុកស៊ីតនៅ Newcastle upon Tyne គឺ ៤៤.៦ មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់ (µg/m3) ជា ១៧៩ ភាគរយនៃអង្គការសុខភាពពិភពលោក ដែលបានណែនាំក្នុងកំឡុងពេល ២៤ ម៉ោង។

ទីក្រុងណាបែល និងទីក្រុងបារីសក៏ត្រូវបានគេរកឃើញថា មានកំហាប់ខ្ពស់នៃអាសូតឌីអុកស៊ីត ជាមួយនឹង ១៧0 ភាគរយ និង ១៦៥ ភាគរយនៃដែនកំណត់ ដែលបានណែនាំរបស់ WHO រៀងៗខ្លួន ចំណែកទីក្រុងឡុងដ៍ និង Manchester ក៏បានជាប់ចំណាត់ថ្នាក់កំពូលទាំង ២0 ផងដែរ។ ទន្ទឹមនឹងនេះ កំហាប់ខ្ពស់បំផុតនៃ PM10 បានកើតឡើងនៅ Malaga និង Seville ប្រទេសអេស្ប៉ាញ ដែលទាំង២គឺលើសពីកម្រិតសុវត្ថិភាព ប្រចាំថ្ងៃនៃ PM10 (៤៥ µg/m3)។

បើយោងតាមក្រុមហ៊ុន Airly និយាយថា ការកើនឡើងនៃការបំពុលខ្យល់ ត្រូវបានជះឥទ្ធិពលយ៉ាងខ្លាំង ដោយព្យុះធូលីវាលខ្សាច់សាហារ៉ា ដែលបានធ្វើដំណើរឆ្លងកាត់ទ្វីបអឺរ៉ុប ។ ធូលី និងកត្តាផ្សេងៗទៀត ដូចជាសម្ពាធខ្ពស់ និងកង្វះខ្យល់ មានន័យថា ការបំពុលខ្យល់ នៅអឺរ៉ុបខាងត្បូង និងខាងលិចគឺខ្ពស់ជាង នៅអឺរ៉ុបកណ្តាលបន្តិច៕ ដោយ៖លី ភីលីព

Most Popular

To Top