ម៉ាទ្រីដ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ថា ប្រទេសអេស្បាញ កាលពីថ្ងៃចន្ទស្ថិត ក្នុងរលកកម្តៅដែលគេរំពឹងថា នឹងឈានដល់កម្រិត “ខ្លាំង” ជាមួយគ្នានេះដែរ ប្រទេសបារាំង នឹងមានសីតុណ្ហភាព កើនឡើងខ្លាំង ខណៈដែលអ្នកឧតុនិយម បានលើកពីសីតុណ្ហភាព ក្នុងរដូវកើនឡើងខ្ពស់ខុសពីធម្មតា ដែលលើសពីការឡើង នៃកម្តៅផែនដី ។

លោក Ruben del Campo អ្នកនាំពាក្យរបស់ទីភ្នាក់ងារ ឧតុនិយមអេស្ប៉ាញ (Aemet) បានលើកឡើងថា សីតុណ្ហភាព “មិនធម្មតា” នៅក្នុងពាក់កណ្តាលសប្តាហ៍ទី១ នៃខែមិថុនា បានកើតឡើង បន្ទាប់ពីប្រទេសអេស្ប៉ាញ បានជួបប្រទះ ក្នុងខែឧសភាក្តៅបំផុត ក្នុងរយៈពេលយ៉ាងហោច ណាស់១០០ឆ្នាំ ។
លោកបានប្រាប់ដល់ទីភ្នាក់ងារ AFP ថា រលកកម្តៅបច្ចុប្បន្ននឹងនាំមកនូវ “សីតុណ្ហភាពកើនខ្លាំង” ហើយ “អាចមានរយៈពេលរហូតដល់ចុងសប្តាហ៍” ។
សីតុណ្ហភាពត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងលើសពី៤០អង្សាសេ នៅតំបន់កណ្តាល និងភាគខាងត្បូង នៃប្រទេសនៅថ្ងៃចន្ទ ហើយថែមទាំងកើនឡើង ដល់៤៣អង្សាសេនៅតំបន់ Andalusia ស្ថិតនៅភាគខាងត្បូង ជាពិសេសនៅទីក្រុង Cordoba ឬ Seville នេះបើយោងតាមទីភ្នាក់ងារ Aemet ។
លោក del Campo បានព្រមានថា រលកកម្តៅក៏នឹងរាលដាលដល់កន្លែងផ្សេងទៀត នៅក្នុងទ្វីបអឺរ៉ុប ដូចជាប្រទេសបារាំង ក្នុងរយៈពេលប៉ុន្មាន ថ្ងៃខាងមុខនេះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
