ព័ត៌មានអន្តរជាតិ

ប្រធានអង្គការណាតូ អំពាវនាវឱ្យបង្កើន ការផលិតអាវុធ

បរទេស ៖ តាមរយៈការផ្តល់ការគាំទ្រ ដល់ប្រទេសអ៊ុយក្រែន រដ្ឋសមាជិកណាតូ ភាគច្រើនបានដកអាវុធពីឃ្លាំង ផ្ទាល់ខ្លួនរបស់ពួកគេ យ៉ាងច្រើន លោក Jens Stoltenberg អគ្គលេខាធិការសម្ព័ន្ធមិត្តយោធា បានទទួលស្គាល់បែបនេះ ។ លោក Jens Stoltenberg បានជំរុញឱ្យឧស្សាហកម្មការពារជាតិ ជួយបំពេញបន្ថែមនូវគ្រឿង សឹកដែលនៅសេសសល់ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃព្រហស្បតិ៍ លោកបានសរសើរ “ការរួបរួមដែលមិនធ្លាប់មានពីមុនមកក្នុងការគាំទ្រដល់អ៊ុយក្រែន” លើផ្នែកនៃរដ្ឋជាសមាជិក។ ទោះជាយ៉ាងណាក៏ដោយ លោក Stoltenberg បានព្រមានថា ជំនួយផ្នែកការពារជាតិប្រភេទនេះ សម្រាប់អ៊ុយក្រែន រហូតមកដល់ពេលនេះ “ត្រូវបានយកចេញពីស្តុក ដែលមានស្រាប់របស់យើង ដូច្នេះឥឡូវនេះឃ្លាំងស្តុកអាវុធ របស់ប្រទេសនានាកំពុងមានកម្រិតទាប” ។

លោកបានបន្ថែមថា អាទិភាពមួយរបស់សម្ព័ន្ធភាពគឺការ “បំពេញស្តុកទាំងនោះ”។

ប្រធានអង្គការនេះបានពន្យល់ថា “ហេតុដូច្នេះហើយ ការផ្តោតសំខាន់មួយនៅក្នុងអង្គការណាតូ គឺការធ្វើការជាមួយឧស្សាហកម្មការពារជាតិ ដើម្បីបង្កើនផលិតកម្ម” ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top