ព័ត៌មានអន្តរជាតិ

កងកម្លាំងរុស្ស៊ី ដកថយទៅឈរជើងនៅពីក្រោយទន្លេ Dnieper និងត្រៀមការពារការវាយលុករបស់អ៊ុយក្រែន

ម៉ូស្គូ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានបញ្ជាឱ្យកងទ័ពរុស្ស៊ី ចាកចេញពីច្រាំងខាងស្តាំ ភាគខាងលិច នៃទន្លេ Dnieper និងពង្រឹងការការពារប្រឆាំងនឹងការវាយលុករបស់អ៊ុយក្រែន នៅច្រាំងខាងឆ្វេង។

លោក Shoigu បានប្រកាសពីការសម្រេចចិត្តនេះ បន្ទាប់ពីបានស្តាប់របាយការណ៍ពីលោក Sergei Surovikin មេបញ្ជាការនៃកងកម្លាំងរួមរបស់រុស្ស៊ី នៅអ៊ុយក្រែន ស្តីពីការអភិវឌ្ឍន៍ចុងក្រោយនៃប្រតិបត្តិការយោធាពិសេស។

លោក Surovikin បានប្រាប់លោក Shoigu ថា “បន្ទាប់ពីការវាយតម្លៃដ៏ទូលំទូលាយនៃស្ថានភាពបច្ចុប្បន្ន វាត្រូវបានស្នើឡើង ដើម្បីកសាងការការពារនៅតាមច្រាំងខាងឆ្វេងនៃទន្លេ Dnieper” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ផ្នែកសំខាន់នៃទីក្រុង Kherson ស្ថិតនៅលើច្រាំងខាងស្តាំនៃទន្លេដ៏ធំទូលាយ ហើយ លោក Surovikin បានហៅវាថា ជាការសម្រេចចិត្តដ៏លំបាកមួយក្នុងការដកទ័ព ប៉ុន្តែសំខាន់បំផុតនោះវានឹងរក្សាជីវិត និងសមត្ថភាពប្រយុទ្ធរបស់កងកម្លាំងរុស្ស៊ី។

លោកបានពន្យល់ថា ទោះបីជាប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បាននឹងកំពុងវាយលុកដោយជោគជ័យនូវការបាញ់ផ្លោងរបស់អ៊ុយក្រែនទៅលើ Kherson ក៏ដោយ គ្រាប់រ៉ុក្កែតរហូតដល់ ២០ភាគរយនៅតែអាចវាយប្រហារគោលដៅបាន ហើយទីក្រុង និងការតាំងទីលំនៅនៅក្បែរនោះមិនអាចផ្គត់ផ្គង់បានពេញលេញនោះទេ។

លោក Surovikin ក៏បានសម្តែងការព្រួយបារម្ភផងដែរថា ការបាញ់ផ្លោងជាបន្តបន្ទាប់របស់អ៊ុយក្រែនទៅលើស្ថានីយ៍វារីអគ្គិសនី Kakhovka នៅលើដងទន្លេ Dnieper អាចជន់លិចតំបន់ដ៏ធំមួយនៅខាងក្រោមទឹក ដែលបណ្តាលឱ្យមានជនស៊ីវិលជាច្រើននាក់រងរបួស និងធ្វើឱ្យទាហានរុស្ស៊ីនៅដាច់ចេញពីគ្នានៅច្រាំងខាងស្តាំទន្លេរ៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top