កីឡា

ឈ្នះអេស្ប៉ាញតែមិនរួចខ្លួន! អង់គ្លេស រងការពិន័យពី UEFA ជុំវិញអាកប្បកិរិយារើសអើងរបស់អ្នកគាំទ្រនៅម៉ាឌ្រីដ

ម៉ាឌ្រីដ៖ ក្រុមជម្រើសជាតិអង់គ្លេស (England) ត្រូវបានដាក់បម្រាមហាមលក់សំបុត្រ ឱ្យអ្នកគាំទ្រទៅទស្សនា នៅក្រៅដីដែលត្រូវបានព្យួរទុក និងការផាកពិន័យ ជាប្រាក់យ៉ាងច្រើន បន្ទាប់ពីមានករណីពាក់ព័ន្ធនឹងអ្នកគាំទ្រ អំឡុងពេលសម្រាកការប្រកួតជម្រើសជាតិថ្មីៗនេះ។ ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប (UEFA) បានចាត់វិធានការ បន្ទាប់ពីមានរបាយការណ៍ស្តីពីអាកប្បកិរិយារើសអើងបានលេចឡើង អំឡុងដំណើរទស្សនកិច្ចរបស់ក្រុម «តោទាំងបី» (Three Lions) នៅទីក្រុងម៉ាឌ្រីដ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL  ថ្ងៃទី២០ ខែវិច្ឆិកា  ឆ្នាំ២០២៦ ។

សមាគមកីឡាបាល់ទាត់អង់គ្លេស (The Football Association – FA) ត្រូវបានដាក់ទណ្ឌកម្មជាផ្លូវការពីសំណាក់ UEFA បន្ទាប់ពីមាន «អាកប្បកិរិយាប្រកាន់ពូជសាសន៍ និង/ឬ ការរើសអើង» ដែលបង្ហាញឡើងដោយអ្នកគាំទ្រអង់គ្លេស អំឡុងពេលជំនួបប្រកួតពានរង្វាន់ UEFA Nations League ទល់នឹងក្រុមជម្រើសជាតិអេស្ប៉ាញ (Spain) នាពេលថ្មីៗនេះ។ ចំណាត់ការវិន័យនេះ ផ្តើមចេញពីហេតុការណ៍ដែលកើតឡើងក្នុងអំឡុង ពេលក្រុមអង់គ្លេសដណ្តើមបានជ័យជម្នះយ៉ាងគួរឱ្យចាប់អារម្មណ៍ក្នុងលទ្ធផល ៣-២ នៅរដ្ឋធានីរបស់អេស្ប៉ាញ កាលពីថ្ងៃអាទិត្យ។

ជាលទ្ធផលនៃការរកឃើញនេះ ក្រុមអង់គ្លេសត្រូវបានដាក់បម្រាមហាមលក់សំបុត្រ សម្រាប់អ្នកគាំទ្រទៅទស្សនាការប្រកួតក្រៅដីចំនួន មួយប្រកួត ប៉ុន្តែការដាក់ពិន័យនេះត្រូវបានព្យួរទុកសម្រាប់រយៈពេលសាកល្បង ពីរឆ្នាំ។ នេះមានន័យថា រាល់ការប្រព្រឹត្តល្មើសបន្ថែមទៀតក្នុងអំឡុងពេលនេះ នឹងនាំឱ្យមានការហាមឃាត់ភ្លាមៗចំពោះអ្នកគាំទ្រក្នុងការធ្វើដំណើរទៅទស្សនាការប្រកួតនៅក្រៅដី។ ក្រៅពីបម្រាមព្យួរការចូលទស្សនានេះ FA ក៏ត្រូវបានបញ្ជាឱ្យបង់ប្រាក់ពិន័យចំនួន ១២.៦០០ ផោន (ប្រមាណ £12,600) ផងដែរ។

​លក្ខណៈជាក់លាក់នៃបទចោទប្រកាន់នេះ ទាក់ទងនឹងរបាយការណ៍ស្តីពីការស្រែកច្រៀង ពាក្យពេចន៍ប្រឆាំងនឹងសាសនាកាតូលិក (anti-Catholic) និងប្រឆាំងនឹងជនជាតិអៀរឡង់ (anti-Irish) ដែលត្រូវបានគេឮអំឡុងពេលការប្រកួតនៅកីឡដ្ឋាន Metropolitano Stadium។ ពាក្យស្រែកទាំងនេះត្រូវបានគេយល់ថា បានជំរុញឱ្យមានការស៊ើបអង្កេតក្រោមបទប្បញ្ញត្តិប្រឆាំងការរើសអើងដ៏តឹងរ៉ឹងរបស់ UEFA។

ប្រែសម្រួល៖ គីរី

Most Popular

To Top