បរទេស៖ លោក Antonio Conte បានបើកការរិះគន់យ៉ាងចាស់ដៃទៅលើក្លឹប Manchester United បន្ទាប់ពីក្លឹបយក្សអង់គ្លេសមួយនេះបានសម្រេចចិត្តតែងតាំងលោក Mauricio Pochettino ជាអ្នកចាត់ការទូទៅអចិន្ត្រៃយ៍ថ្មីរបស់ពួកគេ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
អ្នកយុទ្ធសាស្ត្រសញ្ជាតិអ៊ីតាលីរូបនេះ ដែលធ្លាប់មានការផ្សារភ្ជាប់យ៉ាងខ្លាំងទៅនឹងតំណែងទំនេរនៅកីឡដ្ឋាន Old Trafford បានលើកឡើងថា ភាពស្ទាក់ស្ទើររបស់ថ្នាក់ដឹកនាំក្លឹបក្នុងការជួលរូបលោក គឺឆ្លុះបញ្ចាំងពីបញ្ហាដ៏ស៊ីជម្រៅនៅផ្ទៃក្នុងក្លឹប។
លោក Conte ចោទសួរពីមហិច្ឆតារបស់ United
លោក Conte បានរិះគន់ទៅលើក្លឹបទាំងឡាយណាដែលសម្រេចចិត្តមិនជ្រើសរើសរូបលោក ដោយលើកឡើងថា ពួកគេ «ខ្លាចការឈ្នះ» ដោយសារតែរបៀបដឹកនាំដ៏តឹងរ៉ឹង និងទាមទារខ្ពស់ដ៏ល្បីល្បាញរបស់លោក។ បុរសវ័យ ៥៧ ឆ្នាំរូបនេះ ត្រូវបានគេចាត់ទុកយ៉ាងទូលំទូលាយថាជាបេក្ខភាពឈានមុខគេសម្រាប់តំណែងនៅ Manchester United បន្ទាប់ពីការបណ្តេញលោក Michael Carrick ចេញពីតំណែង ប៉ុន្តែនៅទីបំផុត ក្រុមយក្សនៅក្របខណ្ឌ Premier League មួយនេះ បានសម្រេចចិត្តជ្រើសរើសអតីតគ្រូបង្វឹករបស់ Tottenham និង Chelsea គឺលោក Pochettino ជំនួសវិញ។
ត្រូវបានគេស្គាល់តាមរយៈវិធីសាស្ត្រធ្វើការដោយគ្មានការសម្របសម្រួល និងការហ្វឹកហាត់យុទ្ធសាស្ត្រកម្រិតខ្ពស់ លោក Conte មានប្រវត្តិជោគជ័យយ៉ាងច្បាស់លាស់ ដោយធ្លាប់ឈ្នះពានរង្វាន់ Serie A ចំនួន ៥ សម័យកាល រួមជាមួយនឹងពានរង្វាន់ Premier League មួយសម័យកាល អំឡុងពេលដឹកនាំនៅក្លឹប Chelsea។
ទោះជាយ៉ាងណាក៏ដោយ វាហាក់ដូចជាកេរ្តិ៍ឈ្មោះរបស់លោកក្នុងនាមជាបុគ្គលដែលឆាប់ឆេវឆាវ និងពិបាកគ្រប់គ្រង បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការសម្រេចចិត្តរបស់ United ក្នុងការស្វែងរកអ្នកផ្សេងសម្រាប់គម្រោងរយៈពេលវែងរបស់ពួកគេ។
ប្រែសម្រួល៖ គីរី
