បច្ចេកវិទ្យា

ការលក់ iPhone 18 Pro នៅប្រទេសថៃមាន តម្លៃធូរថ្លៃបំផុតលំដាប់ទី ២ ក្នុងតំបន់អាស៊ីអាគ្នេយ៍

ថៃ៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រទេសថៃជាទីតាំងដែលមានតម្លៃធូរថ្លៃបំផុតលំដាប់ទី ២ ក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ការទិញទូរសព្ទ iPhone 18 Pro ស៊េរីថ្មីរបស់ក្រុមហ៊ុន Apple ដោយឈរនៅពីក្រោយតែប្រទេសម៉ាឡេស៊ីប៉ុណ្ណោះ ហើយក៏ជាទីផ្សារមានតម្លៃធូរថ្លៃបំផុត លំដាប់ទី ៩ នៅលើពិភពលោកផងដែរ។

យោងតាមគេហទំព័រជប៉ុន Nukeni ធ្វើការប្រៀបធៀបតម្លៃ បានឲ្យដឹងថា ម៉ូដែល iPhone 18 Pro ទំហំផ្ទុកទិន្នន័យ 256GB មានតម្លៃប្រហែល ១,៤៦៨ ដុល្លារនៅប្រទេសថៃ បើធៀបនឹងតម្លៃ ១,៣៥០ ដុល្លារនៅប្រទេសម៉ាឡេស៊ី។

សម្រាប់ប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ ម៉ូដែលនេះមានតម្លៃប្រហែល ១,៤៩២ ដុល្លារនៅប្រទេសសិង្ហបុរី ១,៥០០ ដុល្លារនៅប្រទេសវៀតណាម និង ១,៥០៩ ដុល្លារនៅប្រទេសហ្វីលីពីន។ អាមេរិកផ្តល់ជូនតម្លៃទាបបំផុតគឺ ១,១៩៩ ដុល្លារ បន្ទាប់មក ប្រទេសកាណាដាប្រហែល ១,៣២០ ដុល្លារ ហុងកុង ១,៣៣៩ ដុល្លារ ម៉ាឡេស៊ី ១,៣៥០ ដុល្លារ និងអារ៉ាប់រួម ១,៣៨៨ ដុល្លារ។

Nukeni ធ្វើការប្រៀបធៀបតម្លៃផលិតផលនៅ Apple Store ក្នុងប្រទេស និងពិភពលោកចំនួន ៣៧ ដោយបំប្លែងតម្លៃក្នុងស្រុកទៅជាតម្លៃស្មើគ្នាដោយផ្អែកលើអត្រាប្តូរប្រាក់។ ប្រទេសថៃនៅតែជាទីផ្សារមានតម្លៃទាបបំផុតទី ២ ក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសម៉ាឡេស៊ី សម្រាប់ម៉ូដែល 18 Pro Max ទំហំផ្ទុក 256GB មានតម្លៃថ្លៃជាងម៉ូដែល Pro ប្រហែល ១០០ ដុល្លារ។

វាជាប់ចំណាត់ថ្នាក់ទី ១០ ជាទីផ្សារដែលមានតម្លៃទាបបំផុតនៅលើពិភពលោក។ អាមេរិក ជាទីផ្សារមានតម្លៃទាបបំផុតគឺ ១,២៩៩ ដុល្លារ បន្ទាប់មកគឺកាណាដា ១,៤៣៣ ដុល្លារ ហុងកុង ១,៤៦៦ ដុល្លារ ម៉ាឡេស៊ី ១,៤៧៣ ដុល្លារ និងអារ៉ាប់រួម (UAE) ១,៤៩៧ ដុល្លារ។

ក្រុមហ៊ុន Apple បានបង្ហាញម៉ូដែល 18 Pro និង Pro Max កាលពីសប្តាហ៍មុន រួមជាមួយនឹងស្មាតហ្វូនដែលអាចបត់បានដំបូងគេរបស់ខ្លួនគឺម៉ូដែល Duo។

យោងតាមកាសែត Khaosod English បាននិយាយថា ការកុម្ម៉ង់ទិញជាមុនសម្រាប់ម៉ូដែល Pro នៅប្រទេសថៃបានចាប់ផ្តើមនៅម៉ោង ៧ ល្ងាច ថ្ងៃទី ១២ ខែកញ្ញា ហើយការលក់នឹងចាប់ផ្តើមនៅថ្ងៃទី ១៨ ខែកញ្ញា។ ចំណែកការកុម្ម៉ង់ទិញជាមុនសម្រាប់ម៉ូដែល Duo នឹងចាប់ផ្តើមនៅម៉ោង ៧ ល្ងាច ថ្ងៃទី ១៦ ខែតុលា ហើយការលក់នឹងចាប់ផ្តើមនៅថ្ងៃទី ២៣ ខែតុលា៕

Most Popular

To Top