កីឡា

ភ្នាក់ងារទម្លាយហេតុផល Nico Williams បដិសេធក្លឹបយក្សអឺរ៉ុប រួមទាំង Barcelona, Arsenal និង Liverpool

បរទេស៖​ ខ្សែស្លាបឆ្នើម Nico Williams បានក្លាយជានិមិត្តរូបនៃភាពស្មោះត្រង់ដ៏កម្រក្នុងពិភពបាល់ទាត់សម័យទំនើប ក្រោយសម្រេចចិត្តប្តេជ្ញាអនាគតរយៈពេលវែងជាមួយ Athletic Club តាមរយៈកិច្ចសន្យារយៈពេល ១០ ឆ្នាំ រហូតដល់ឆ្នាំ ២០៣៥។ ថ្មីៗនេះ លោក Felix Tainta ដែលជាភ្នាក់ងារតំណាងរបស់កីឡាករវ័យ ២៤ ឆ្នាំរូបនេះ បានទម្លាយលម្អិតពីមូលហេតុដែល Williams បដិសេធសំណើដ៏ទាក់ទាញពីបណ្តាក្លឹបកំពូលៗនៅអឺរ៉ុប នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។

ថ្លែងក្នុងកម្មវិធីផតខាស Los Fulanos លោក Tainta បានបញ្ជាក់ថា ក្រោយការបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ និងការស៊ុតបញ្ចូលទីក្នុងវគ្គផ្តាច់ព្រ័ត្រជួយអេស្ប៉ាញគ្រងជើងឯក Euro 2024 ក្លឹបយក្សជាច្រើនដូចជា Arsenal, Liverpool, Bayern Munich, PSG និង Barcelona សុទ្ធតែបានដាក់ការចាប់អារម្មណ៍យ៉ាងខ្លាំងមកលើរូបគេ។ លោកបានបន្ថែមថា ការដែលកីឡាករម្នាក់ហ៊ានបដិសេធក្លឹបធំៗទាំងអស់នេះក្នុងពេលតែមួយ មិនមែនជារឿងងាយស្រួលនោះឡើយ។

ក្នុងចំណោមក្លឹបទាំងនោះ Barcelona គឺជាក្រុមដែលព្យាយាមរុញច្រានខ្លាំងជាងគេ ក្នុងបំណងនាំយក Williams មកចាប់ដៃគូជាមួយ Lamine Yamal។ ទោះជាយ៉ាងណា កិច្ចព្រមព្រៀងនេះត្រូវបានបរាជ័យទៅវិញ ដោយសារវិបត្តិអស្ថិរភាពហិរញ្ញវត្ថុរបស់ក្លឹបយក្សកាតាឡាន់មួយនេះ។ ក្តីបារម្ភចម្បងបំផុតសម្រាប់ក្រុមការងាររបស់ Williams គឺ Barcelona មិនអាចផ្តល់ការធានាច្បាស់លាស់ក្នុងការចុះឈ្មោះកីឡាករក្នុងក្របខ័ណ្ឌ La Liga នោះឡើយ ដោយសារបញ្ហាពិដានប្រាក់ឈ្នួលដែលលើសកម្រិតកំណត់។

លោក Tainta បានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា កីឡាករកម្រិត Williams មិនអាចប្រថុយប្រថានអង្គុយមើលការប្រកួតនៅលើកន្លែងអង្គុយអ្នកទស្សនា ដោយសារតែកំហុសក្នុងការចុះឈ្មោះនោះទេ៖ «Nico គឺប្រៀបដូចជារថយន្តប្រណាំង Formula 1។ បើខ្ញុំទៅផ្ទះរបស់អ្នក ខ្ញុំមិនអាចទទួលយកបញ្ហារបស់អ្នកមកដោះស្រាយជំនួសបានឡើយ ហើយខ្ញុំបានបញ្ជាក់រឿងនេះយ៉ាងច្បាស់ជាមួយ Barca»។ ទីបំផុត កង្វះការធានាលើការចុះឈ្មោះនេះហើយ ដែលជំរុញឱ្យរូបគេបន្តឈរជើងជាសសរទ្រូងដ៏រឹងមាំនៅកីឡដ្ឋាន San Mames ក្នុងរយៈពេលវែង។

ប្រែសម្រួល៖​ គីរី 

Most Popular

To Top