កីឡា

Real Madrid សម្រេចកិច្ចព្រមព្រៀងបន្តកិច្ចសន្យារយៈពេលវែងជាមួយ Jude Bellingham រហូតដល់ឆ្នាំ ២០៣១

បរទេស៖ ក្លឹបយក្សអេស្ប៉ាញ Real Madrid បានធានាអនាគតរយៈពេលវែងរបស់ខ្សែបម្រើឆ្នើម Jude Bellingham ជាផ្លូវការហើយ បន្ទាប់ពីកីឡាករជម្រើសជាតិអង់គ្លេសរូបនេះបានព្រមព្រៀងលើកិច្ចសន្យាថ្មីដែលមានតម្លៃពលកម្មខ្ពស់ រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០៣១។ កិច្ចព្រមព្រៀងនេះធានាថាកីឡាករវ័យ ២៣ ឆ្នាំរូបនេះ នឹងបន្តឈរឈ្មោះជាតួអង្គស្នូល និងជាមុខមាត់នៃគម្រោងអនាគតរបស់ក្លឹបសម្រាប់រយៈពេលជិតមួយទសវត្សរ៍ទៅមុខទៀត នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។

បើតាមការចុះផ្សាយរបស់សារព័ត៌មាន Marca ថ្នាក់ដឹកនាំនៅកីឡដ្ឋាន Santiago Bernabeu បានចាប់ផ្តើមកិច្ចចរចាស្ងាត់ៗតាំងពីចុងរដូវកាលមុនមកម្ល៉េះ ខណៈ Bellingham ផ្ទាល់បានបង្ហាញការពេញចិត្តយ៉ាងខ្លាំងទាំងជីវិតអាជីព និងការរស់នៅក្នុងទីក្រុងម៉ាឌ្រីដ។ ក្រៅពីភាពចាស់ទុំនិងភាពជាអ្នកដឹកនាំលើសវ័យ រូបគេក៏ទទួលបានការគោរពយ៉ាងខ្លាំងក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់តាមរយៈការលះបង់ខ្ពស់ ដោយសុខចិត្តពន្យារពេលវះកាត់របួសស្មាដើម្បីជួយក្រុមក្នុងដំណាក់កាលប្រកួតដ៏តានតឹងកាលពីរដូវកាលមុន រហូតត្រូវបានចាត់ទុកជា «អ្នកចម្បាំង» ប្រចាំក្រុម។

ទន្ទឹមនឹងនេះ ការមកដល់របស់គ្រូបង្វឹកលោក Jose Mourinho ក៏បានផ្តល់ប្រព័ន្ធលេងដ៏ស័ក្តិសមបំផុតសម្រាប់ Bellingham ដោយលោកអនុញ្ញាតឱ្យខ្សែបម្រើរូបនេះមានសេរីភាពខ្ពស់ក្នុងការរត់ប្រដេញ និងបង្កើតឱកាសនៅតំបន់ចន្លោះខាងក្រោយ Kylian Mbappe។ ក្នុងយុទ្ធសាស្ត្រថ្មីនេះ Bellingham មិនត្រឹមតែជួយរៀបចំតំបន់ការពារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរកបាន ៣ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមសម្រេចទី (assists) បាន ៣ ដងរួចមកហើយក្នុងក្របខ័ណ្ឌ La Liga រដូវកាលនេះ ដែលបញ្ជាក់យ៉ាងច្បាស់ពីឥទ្ធិពលមិនអាចខ្វះបានរបស់គេនៅក្នុងក្រុម។

ប្រែសម្រួល៖​ គីរី 

Most Popular

To Top