បរទេស៖ លោក Paul Parker អតីតខ្សែការពាររបស់ Manchester United បានបង្កឱ្យមានការចាប់អារម្មណ៍ និងជជែកវែកញែកយ៉ាងខ្លាំង ក្រោយលោកបានលើកឡើងថាលោកនឹងបដិសេធមិនយកខ្សែប្រយុទ្ធឆ្នើម Erling Haaland មកកាន់ទឹកដី Old Trafford នោះឡើយ។ ទោះបីជាតារាឆ្នើមរបស់ Manchester City រូបនេះកំពុងបំបែកកំណត់ត្រាស៊ុតបញ្ចូលទីជាបន្តបន្ទាប់ក្តី លោក Parker យល់ឃើញថារចនាបថលេងរបស់ Haaland មិនស៊ីគ្នានឹងអ្វីដែលបិសាចក្រហមត្រូវការជាចាំបាច់នោះទេ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។
ថ្លែងប្រាប់កាសែត Mirror លោក Parker បានបញ្ជាក់ចំៗថា៖ «ខ្ញុំនឹងមិនយក Haaland មក Man Utd ឡើយ។ ខ្ញុំមិនចង់ឃើញគេនៅក្លឹបជាមួយនឹងរបៀបលេងរបស់គេបែបនេះទេ… ខ្ញុំមិនទាំងចាប់អារម្មណ៍លើគេផង»។ ផ្ទុយពីការចំណាយលើខ្សែប្រយុទ្ធលំដាប់កំពូល លោក Parker ជឿជាក់ថាអាទិភាពចម្បងរបស់ Man Utd គឺការរៀបចំស្ថិរភាពតំបន់ការពារ។ លោកបានណែនាំឱ្យក្លឹបសម្លឹងមើលកីឡាករវ័យក្មេង Nico O’Reilly របស់ Man City ដែលលោកចាត់ទុកថាជាកីឡាករដ៏អស្ចារ្យម្នាក់ ព្រមទាំងខ្សែការពារកណ្តាល Marc Guehi ដើម្បីមកពង្រឹងប្រព័ន្ធការពារ ៤ នាក់ឱ្យមានភាពរឹងមាំឡើងវិញ។
ការលើកឡើងនេះបានរំលឹកឡើងវិញនូវរឿងរ៉ាវអតីតកាល ដែល Man Utd ធ្លាប់ខកខានឱកាសនាំយក Haaland យ៉ាងសោកស្តាយ។ អតីតអ្នកចាត់ការលោក Ole Gunnar Solskjaer ធ្លាប់បានទម្លាយថាលោកធ្លាប់បានទាក់ទងជំរុញឱ្យថ្នាក់ដឹកនាំក្លឹបទិញខ្សែប្រយុទ្ធន័រវែសរូបនេះតាំងពីឆ្នាំ ២០១៨ ពេលនៅ Molde និងម្តងទៀតពេលនៅ RB Salzburg ក្នុងតម្លៃដោះលែងត្រឹមតែ ២០ លានអឺរ៉ូប៉ុណ្ណោះ ប៉ុន្តែក្លឹបបានបដិសេធ រហូតទាល់តែ Haaland បង្ហាញទម្រង់លេងលេចធ្លោខ្លាំង និងមានការប្រជែងពីក្លឹបធំៗដូចជា Borussia Dortmund និង Juventus ទើបតម្លៃខ្លួនកីឡាកររូបនេះហក់ឡើងហួសដៃ។
ប្រែសម្រួល៖ គីរី
