បរទេស៖ អ្នកចាត់ការទូទៅសញ្ជាតិអាល្លឺម៉ង់ លោក Daniel Farke ត្រៀមបន្តដឹកនាំក្លឹប Leeds United រយៈពេលវែងនៅកីឡដ្ឋាន Elland Road បន្ទាប់ពីភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍លើកុងត្រាថ្មីរហូតដល់ឆ្នាំ ២០២៩។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន The Athletic អតីតគ្រូបង្វឹក Norwich City រូបនេះ ដែលត្រូវបានតែងតាំងដំបូងកាលពីខែកក្កដា ឆ្នាំ ២០២៣ ជាមួយនឹងកិច្ចសន្យារយៈពេល ៤ ឆ្នាំ ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាបន្តសុពលភាពជាផ្លូវការក្នុងពេលឆាប់ៗ ដើម្បីដឹកនាំគម្រោងអនាគត និងពង្រឹងជំហររបស់ក្រុម Whites ក្នុងចំណោមក្លឹបកំពូលៗនៃក្របខ័ណ្ឌ Premier League នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។
ដំណើរការដឹកនាំរបស់លោក Farke នៅ Leeds បង្ហាញពីការស្ដារមុខមាត់ និងការរីកចម្រើនជាលំដាប់។ បន្ទាប់ពីការខកចិត្តចាញ់វគ្គផ្ដាច់ព្រ័ត្រ Play-off ក្រោមថ្វីជើង Southampton កាលពីឆ្នាំ ២០២៤ លោកបានស្រោចស្រង់ក្រុមរហូតឈ្នះពាន Championship នៅរដូវកាលបន្ទាប់ ព្រមទាំងដឹកនាំក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១៤ យ៉ាងរឹងមាំក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន។
ដោយឡែកក្នុងរដូវកាលនេះ Leeds នៅតែបន្តទម្រង់លេងយ៉ាងល្អ ដោយមិនស្គាល់ការបរាជ័យសោះក្នុង ៦ ប្រកួតដំបូង មុនពេលចាញ់ Arsenal យ៉ាងប្រកៀកប្រកិត ដែលស្ថិរភាពដ៏ល្អនេះហើយបានជំរុញឱ្យថ្នាក់ដឹកនាំក្លឹបចាត់ទុកការបន្តកុងត្រាថ្មីជាអាទិភាពចម្បង ដើម្បីចៀសវាងភាពមិនច្បាស់លាស់ណាមួយ។
ជុំវិញការបន្តកិច្ចសន្យានេះ នាយកគ្រប់គ្រងក្លឹប លោក Robbie Evans ធ្លាប់បានបញ្ជាក់ប្រាប់ Yorkshire Evening Post ថា ភាគីទាំងសងខាងសុទ្ធតែមានឆន្ទៈដូចគ្នាក្នុងការបន្តភាពជាដៃគូរយៈពេលវែង។ លោកបានបញ្ជាក់ថា លោក និងក្រុមការងាររបស់ Farke បានពិភាក្សាគ្នាយ៉ាងរលូនក្នុងរយៈពេល ៣ ខែកន្លងមកនេះ ហើយក្លឹបពិតជារំភើបចំពោះសមិទ្ធផលដែលលោក Farke សម្រេចបាន និងចង់បន្តកសាងគម្រោងអភិវឌ្ឍន៍រយៈពេលវែងជាមួយគ្រូបង្វឹករូបនេះបន្តទៀត។
ប្រែសម្រួល៖ គីរី
