បរទេស៖ សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF) បានសម្រេចចិត្តប្តឹងបន្តទៅកាន់តុលាការមជ្ឈត្តកម្មកីឡា (CAS) បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានច្រានចោលការប្តឹងឧទ្ធរណ៍របស់ខ្លួន ជុំវិញទណ្ឌកម្មពាក់ព័ន្ធនឹងការស្រែកបន្ទរពាក្យប្រមាថសាសនាឥស្លាមពីសំណាក់អ្នកគាំទ្រ ក្នុងជំនួបមិត្តភាពកម្តៅសាច់ដុំមុនព្រឹត្តិការណ៍ World Cup ទល់នឹងក្រុមជម្រើសជាតិអេហ្ស៊ីប កាលពីខែមីនា ឆ្នាំ ២០២៦ កន្លងទៅ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។
ទណ្ឌកម្មដែល FIFA បានកំណត់ រួមមានការពិន័យជាប្រាក់ចំនួន ២០,០០០ ដុល្លារអាមេរិក និងបញ្ជាឱ្យបិទកន្លែងអង្គុយយ៉ាងហោចណាស់ ១៥% ក្នុងកីឡដ្ឋាន សម្រាប់ការប្រកួតមិត្តភាពក្នុងដីលើកបន្ទាប់របស់អេស្ប៉ាញ។ ហេតុការណ៍ចម្រូងចម្រាសនេះបានកើតឡើងនៅកីឡដ្ឋាន RCDE (បញ្ចប់ដោយលទ្ធផល ០-០) ជាកន្លែងដែលអ្នកគាំទ្រម្ចាស់ផ្ទះមួយក្រុមបានស្រែកពាក្យរើសអើងថា «បើមិនលោតទេ អ្នកគឺជាមូស្លីម» (If you don’t jump, you’re a Muslim) ចំនួនពីរលើក បើទោះបីជាពិធីករកីឡដ្ឋានបានប្រកាសព្រមាន និងផ្ទាំងអេក្រង់បានបង្ហាញសារប្រឆាំងការរើសអើងក៏ដោយ។
ទង្វើនេះបានរងការថ្កោលទោសយ៉ាងចាស់ដៃពីសំណាក់ខ្សែស្លាបឆ្នើម Lamine Yamal ដែលជាកីឡាករកាន់សាសនាឥស្លាម ដោយរូបគេបានចាត់ទុកទង្វើបែបនេះថាជាការខ្វះការគោរព មិនអាចអត់ឱនឱ្យបាន និងបានហៅអ្នកនៅពីក្រោយការស្រែកបន្ទរទាំងនោះថាជាមនុស្ស «ល្ងង់ខ្លៅ និងរើសអើង»។ ក្នុងការការពារខ្លួន RFEF បានលើកហេតុផលតវ៉ាថា ពាក្យ «មូស្លីម» មិនមែនជាពាក្យប្រមាថនោះឡើយ ដោយបានស្នើឱ្យ FIFA ពិចារណាករណីនេះក្រោមមាត្រា ១៧ (ពាក់ព័ន្ធសារសាសនាទូទៅ) ជំនួសឱ្យមាត្រា ១៥ (ការរើសអើងពូជសាសន៍ដែលមានទណ្ឌកម្មធ្ងន់ធ្ងរជាង) ប៉ុន្តែត្រូវបានគណៈកម្មាធិការវិន័យរបស់ FIFA ច្រានចោលទាំងស្រុង។ ប្រសិនបើការប្តឹងតវ៉ាទៅកាន់ CAS បរាជ័យ អេស្ប៉ាញនឹងត្រូវបង្ខំចិត្តបិទកៅអីទស្សនា ១៥% (ភាគច្រើននៅពីក្រោយបង្គោលទី) ដោយ FIFA អនុញ្ញាតឱ្យជំនួសដោយក្រុមសិស្សានុសិស្ស ឬអង្គការប្រឆាំងការរើសអើងប៉ុណ្ណោះ ខណៈដែលប្រាក់ពិន័យ ២០,០០០ ដុល្លារនៅតែរក្សាដដែល។
ប្រែសម្រួល៖ គីរី
