ភ្នំពេញ៖លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក ជាតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ WT និមិ្មតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២៦ សម្រាប់កម្ពុជាវិញ ជាគោលដៅឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមលើកទី៣៤ ឆ្នាំ២០២៧ (SEA Games 2027) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៩ ខែកញ្ញា នៅទីក្រុង Kuala Lumpur, Sarawak, Penang និង Johorនៅប្រទេសម៉ាឡេស៊ី និងត្រៀមការប្រកួតអន្តរជាតិនានា។

លោក វ៉ាត់ ចំរើន បានលើកឡើងនាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦នេះ ក្នុងបើកព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ WT និមិ្មតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ស៊េរី ឆ្នាំ២០២៦ នៅ AISPP នៅប្រទេសកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការខេមរសហព័ន្ធកីឡាតេក្វាន់ដូ ព្រះនាង RAJA SAIDATUL MARDIAH រាជវង្ស Perak នៃស្តេចស៊ុលតង់ម៉ាឡេស៊ី លោកស្រី BYUNG HEE KIM សមាជិកក្រុមប្រឹក្សាភិបាល និងជាប្រធានបច្ចេកទេសនៃសហភាពតេក្វាន់ដូអាស៊ី លោក YONG BAE CHOI Kyorugi អាជ្ញាកណ្តាល អនុប្រធានសហភាពតេក្វាន់ដូអាស៊ី លោក LAI HAN SENG នាយក HAN Academy នៃប្រទេសសិង្ហបុរី លោក TONY LEE តេក្វាន់ដូនិម្មិត ប្រធានតេក្វាន់ដូម៉ាឡេស៊ី -លោក Grand Master CHOI YONGSOK ប្រធាន KUKKIWON-កម្ពុជា។

លោករដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា នេះជាការប្រកួតកីឡាតេក្វាន់ដូWT នៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលរៀបចំឡើងក្នុងគោលបំណងដើម្បីទំនាក់ទំនងគ្នាទៅវិញទៅមកឲ្យបានល្អប្រសើរ ក៏ដូចជាដកបទពិសោធន៍ពីគ្នាផងដែរ។ ការប្រកួតលើវិញ្ញាសា Virtual Taekwondo គឺជាការបង្ហាញនូវបរិបទផ្នែកបច្ចេកវិទ្យាសម័យទំនើប របស់ប្រភេទ កីឡាតេក្វាន់ដូWT ដែលជាកីឡាអូឡាំពិក ហើយក៏ជាការប្រកួតកីឡានៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានរៀបចំឡើងក្នុងគោលបំណងសហប្រតិបត្តិការ និងធ្វើការទំនាក់ទំនងគ្នាទៅវិញទៅមកឲ្យបានល្អប្រសើរ ក៏ដូចជាដកស្រង់បទពិសោធន៍បច្ចេកទេសផងដែរ។

ការប្រកួតកីឡាតេក្វាន់ដូ WT និមិ្មតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ស៊េរី ឆ្នាំ២០២៦ ខេមរសហព័ន្ធកីឡាតេក្វាន់ដូ បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ខេមរសហព័ន្ធតេក្វាន់ដូ ជាមួយ Virtual Taekwondo Academy សាលាអន្តរជាតិអូស្រា្តលីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធនានា។ ការប្រកួតនេះ រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមជាគោលការណ៍ឲ្យខេមរសហព័ន្ធតេក្វាន់ដូរៀបចំការប្រកួតកីឡាតេក្វាន់ដូ និម្មិតអាស៊ីអាគ្នេយ៍ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅ រាជធានីភ្នំពេញ។

កីឡាករ-កីឡាការិនីចូលរួមសរុបចំនួន ៩១នាក់(ស្រី ៤៥នាក់) មកពីបណ្តាប្រទេសចំនួន ០៥ ក្នុងនោះមីយ៉ាន់ម៉ា សឹង្ហបុរី វៀតណាម ម៉ាឡេស៊ី និងម្ចាស់ផ្ទះកម្ពុជា។ការប្រកួតលើ វិញ្ញាសាសរុបចំនួន ១២ វិញ្ញាសា រួមមាន៖អាយុក្រោម ១៤ ឆ្នាំ អាយុក្រោម ១៨ឆ្នាំ អាយុក្រោម ៣៥ឆ្នាំ និង អាយុ ១៤ឆ្នាំឡើង៕

ដោយ៖លី ភីលីព
