កីឡា

លោក ខេស៊ី បាណេត៖ការប្រកួតកីឡានេះជួយជំរុញឲ្យក្រុមអត្តពលិកជានិស្សិតចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ជាពិសេសបណ្តុះឲ្យពួកគាត់ចេះធ្វើការជាក្រុម

ភ្នំពេញ៖លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជានាយកវិទ្យាស្ថាន CamEd នាថ្ងៃទី១៧ខែតុតលា ឆ្នាំ២២៦ បានអញ្ជើញចូលរួមពិធីបើកការប្រកួតបាល់ទាត់ហ្វូតសាលបុរស CamEd ឆ្នាំ២០២៦ “”CamEd Men’s Futsal Tournament 2026″ ជាផ្លូវការនៅទីលានបាល់ទាត់ Platinum Sport Club (ជ្រោយចង្វារ) ខណៈការប្រកួតមានក្រុមកីឡាករកីឡាបាល់ទាត់ហ្វូតសាលចំនួន ១៨ ក្រុមចូលរួម  ដែលរៀបចំដោយវិទ្យាស្ថាន ខេមអេដ។ 

លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជានាយកវិទ្យាស្ថាន CamEd បានលើកឡើងថា ការបញ្ជូនកីឡាក្នុងឧត្តសិក្សាគឺសំខាន់សម្រាប់ឲ្យសិស្សានុសិស្សចេះធ្វើការជាក្រុម ចេះធ្វើការក្រោមសម្ភាធ ខិតខំពុះពារគ្រប់ឧបសគ្គ ក្នុងការងារ និងទទួលបានបទពិសោធន៍ការប្រកួត និងការផលិតធនធានកីឡាករ-កីឡាការិនីគ្រប់ប្រភេទកីឡានានា តាមរយៈការរៀបចំការប្រកួតជារៀងរាល់ឆ្នាំនៅតាមគ្រឹះស្ថានឧត្តមសិក្សា គឺ ជាប្រភពដ៏សំខាន់ ក្នុងការចូលរួមជួយអភិវឌ្ឍធនធាន អត្តពលិកជាមួយ សហព័ន្ធកីឡាជាតិនានា។

លោកអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បញ្ជាក់ថា វិទ្យាស្ថាន ខេមអេដ និងគ្រឹះស្ថានឧត្តមសិក្សាផ្សេងៗទៀត នឹងវិនិយោគក្នុងវិស័យកីឡាឲ្យកាន់តែច្រើន ក្នុងការប្រកួតប្រជែង ក្នុងកម្រិតឧត្តមសិក្សា។ ជាធម្មតា នៅប្រទេសផ្សេងៗ កីឡាករ-កីឡាការិនី នៅតាមកម្រិតឧត្តមសិក្សា គឺជាប្រភព ដ៏សំខាន់ សម្រាប់ការជ្រើសរើស ធនធានចូលរួម ជាមួយក្រុមជម្រើសជាតិ នៅតាមសហព័ន្ធកីឡា ជំនាញនីមួយៗ។ ដូច្នេះហើយ បើយើងបង្កើតវប្បធម៌កីឡា ក្នុងវិស័យឧត្តមសិក្សា កាន់តែច្រើន វានឹងអាចជួយផ្តល់ធនធានកាន់តែច្រើនចូលរួមជាមួយជាតិ ក្នុងការត្រៀមឆ្ពោះ ទៅចូលរួមប្រកួតអន្តរជាតិផងដែរ។

នាយកវិទ្យាស្ថានរូបនេះ បន្ថែមថា យើងចង់បង្កើតវប្បធម៌ នៃការលេងកីឡានៅប្រទេសកម្ពុជា ខណៈកម្ពុជាកំពុងត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា យុវជនអាស៊ី ឆ្នាំ២០២៩។ យើងចង់ឲ្យនិស្សិត របស់យើងធ្វើជាគំរូដល់យុវជនផ្សេងៗ ក្នុងការបំផុសស្មារតីចូលរួមលេងកីឡាដើម្បីឲ្យមានសុខភាពល្អ។ ក្នុងចំណោមកីឡាការិនីបាល់ទាត់ក្នុងសាលជាង ២០០នាក់ស្មើនឹង២០ក្រុម គឺមានធនធានកីឡាករមួយចំនួនមានទេពកោសល្យល្អៗ ដែលអាចចូលរួមហ្វឹកហាត់ ជាមួយក្រុមជម្រើសជាតិបាន។

 ជារៀងរាល់ឆ្នាំ វិទ្យាស្ថាន ខេមអេដ តែងតែបានរៀបចំការ ប្រកួតលើប្រភេទកីឡាចំនួន១៥ ដើម្បីបំផុសស្មារតីកីឡាករ កីឡាការិនី ដែលជានិស្សិតរបស់ខ្លួនចូលរួមលេងកីឡា និងព្យាយាមធ្វើជាគំរូ ក្នុងវិស័យ សិក្សាកម្រិតឧត្តមសិក្សា ដើម្បីស្វែងរកធនធានឆ្នើមៗ ចូលរួមប្រកួតប្រជែងក្នុង ការប្រកួតកីឡាឧត្តមសិក្សាថ្នាក់ជាតិ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោកបន្ថែមថា បើទោះបីជា ខេមអេដ ផ្តោតលើ ជំនាញគណនេយ្យ និងហិរញ្ញវត្ថុក្តី ក៏តាមរយៈការរៀបចំព្រឹត្តិការណ៍ កីឡានេះជួយជំរុញឲ្យក្រុមអត្តពលិកជានិស្សិតរបស់ខ្លួនបានចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ជាពិសេសបណ្តុះឲ្យពួកគាត់ចេះធ្វើការជាក្រុម ចេះធ្វើការក្រោមសម្ពាធ ដើម្បីឲ្យពួកគាត់ទទួលបាននូវបទពិសោធទាំងកម្លាំង និងលទ្ធផលជោគជ័យ៕

ដោយ៖លី ភីលីព

Most Popular

To Top