សិល្បៈ និង កម្សាន្ត

Robert Pattinson បានប្រមើលមើលទុក មុនពីការទទួលបានតួ James Bond តាំងពី ១៤ ឆ្នាំមុន

បរទេស ៖ តារាសម្តែងរូបនេះ នឹងក្លាយជាភ្នាក់ងារ 007 បន្ទាប់ ដោយនឹងបន្តតំណែងដ៏ល្បីល្បាញនេះពីលោក Daniel Craig ដែលបានបញ្ចប់តួនាទី របស់ខ្លួនក្នុងខ្សែភាពយន្ត ‘No Time to Die’ កាលពីឆ្នាំ ២០២១។ ទោះបីជាវាមិនមែនជាការតាំងចិត្តទុកមុនក៏ដោយ ប៉ុន្តែវាហាក់បីដូចជាលោក Robert Pattinson បានប្រមើលមើលរួចទៅហើយពីការទទួលបានតួអង្គ James Bond នេះតាំងពី ១៤ ឆ្នាំមុនមកម្ល៉េះ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន The Hollywood Reporter ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

កាលពីឆ្នាំ ២០១២ ក្នុងអំឡុងពេលដែលលោកកំពុងទទួលបានប្រជាប្រិយភាពខ្លាំង ពីភាពយន្ត Twilight តារាសម្តែងរូបនេះត្រូវបានគេសួរ នៅក្នុងបទសម្ភាសន៍មួយជាមួយនឹង សារព័ត៌មានអនឡាញចក្រភពអង់គ្លេស Shortlist ថា តើលោកអាចនឹងសម្តែងជាភ្នាក់ងារ 007 ក្នុងរយៈពេល ១០ ឆ្នាំទៀតដែរឬទេ។ លោកបានឆ្លើយតបថា៖ “បាទ ប្រាកដណាស់ ប៉ុន្តែប្រហែលជា ២០ ឆ្នាំទៀតច្រើនជាង។”

លោក Pattinson បានបន្ថែមទៀតថា៖ “ខ្ញុំគិតថាគ្មានអ្វីអាក្រក់ជាងការនិយាយថា ‘តោះយកតួ Bond ដែលមានមុខក្មេងខ្ចី!’ នោះទេ។ នោះនឹងក្លាយជាគំនិតដ៏អាក្រក់បំផុតនៅលើលោក។ បន្ទាប់ពីលោក Daniel Craig អ្នកត្រូវតែមានភាពចាស់ទុំ (Baggage) ទើបអាចសម្តែងរឿងនេះបាន។ វានឹងជារឿងគួរឱ្យអស់សំណើចណាស់ក្នុងការច្នៃតួអង្គនេះជាកូនអ្នកមានវ័យក្មេងម្នាក់។ ឬប្រសិនបើជាក្មេងមែន ខ្ញុំប្រហែលជាត្រូវគេធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរនៅក្នុងឈុតដំបូងៗ ឬប្រហែលជាត្រូវថតរឿងដំបូងដោយមានដៃតែម្ខាង ជាដើម។”

ក្នុងអំឡុងពេលនៃការសម្ភាសន៍នោះ តារាសម្តែងរូបនេះកំពុងត្រៀមខ្លួនសម្រាប់ការចេញផ្សាយភាពយន្ត The Twilight Saga: Breaking Dawn – Part 2 នៅចុងឆ្នាំនោះ ចំណែកឯលោក Craig ក៏កំពុងត្រៀមខ្លួនសម្រាប់ការចេញផ្សាយខ្សែភាពយន្ត 007 ទីបីរបស់លោកគឺរឿង Skyfall ផងដែរ។ នៅក្នុងបទសម្ភាសន៍មុននេះបន្តិចជាមួយស្ថាប័នព័ត៌មាន BBC កាលពីឆ្នាំ ២០១០ លោក Pattinson ក៏បានទទួលស្គាល់ដែរថា ការទទួលតំណែងជាភ្នាក់ងារសម្ងាត់ដ៏ល្បីល្បាញបំផុតក្នុងវិស័យភាពយន្តនៅថ្ងៃណាមួយ គឺជា “ការទទួលខុសត្រូវដ៏ធំធេងដែលពិបាកនឹងស្នងបាន” ហើយលោកក៏បាននិយាយលេងសើចដែរថា ប្រសិនបើលោកទទួលតំណែងនេះភ្លាមៗនៅពេលនោះ លោក “ប្រហែលជានឹងធ្វើបានមិនល្អទេ”។

ក្រោយពីទទួលបានបទពិសោធន៍សម្តែងបន្ថែមរយៈពេល ១៦ ឆ្នាំទៀត និងក្លាយជាតារាសម្តែងដែលទីផ្សារហូលីវូដត្រូវការបំផុតម្នាក់ (Pattinson សម្តែងក្នុងខ្សែភាពយន្តដល់ទៅ ៤ រឿងក្នុងឆ្នាំនេះតែម្តង) លោកពិតជាមិនបានធ្វើឱ្យគេខកចិត្តឡើយក្នុងការសាកល្បងសមត្ថភាព (Audition) សម្រាប់តួ Bond នេះ។ សារព័ត៌មាន The Hollywood Reporter ធ្លាប់បានរាយការណ៍ថា Pattinson ស្ថិតក្នុងចំណោមបេក្ខភាពចុងក្រោយដែលត្រូវបានគេពិចារណាសម្រាប់តួនាទីនេះ បន្ថែមពីលើលោក Callum Turner, Jack Lowden, Josh O’Connor និង Nicholas Hoult។

ទីបំផុត អ្នកដឹកនាំរឿងលោក Denis Villeneuve រួមទាំងផលិតករអ្នកស្រី Amy Pascal និងលោក David Heyman បានសម្រេចចិត្តថា លោក Pattinson គឺជាជម្រើសដ៏ស័ក្តិសមបំផុតក្នុងនាមជាភ្នាក់ងារ 007 បន្ទាប់ ដោយបន្តតំណែងដ៏ល្បីល្បាញពីលោក Craig។

ជុំវិញការទទួលបានតួនាទីនេះ លោក Pattinson បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “James Bond គឺជាតួអង្គដ៏មានប្រជាប្រិយភាព និងជារឿងព្រេងនិទានបំផុតមួយក្នុងវិស័យភាពយន្ត ហើយការទទួលបានទំនុកចិត្តឱ្យដើរតួជា 007 គឺជាកិត្តិយសដ៏ធំបំផុតក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Denis, អ្នកស្រី Amy, លោក David, អ្នកស្រី Tanya និងថ្នាក់ដឹកនាំទាំងអស់នៅផលិតកម្ម Amazon MGM Studios សម្រាប់ការជឿជាក់មកលើរូបខ្ញុំ។ ការដែលនិយាយថាតួនាទីនេះគឺជាសុបិនដែលក្លាយជាការពិត គឺនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ខ្ញុំពិតជាមានក្តីរំភើបយ៉ាងខ្លាំងចំពោះភាពជាដៃគូនេះ និងការងារនាពេលខាងមុខជាមួយក្រុមការងារដ៏អស្ចារ្យមួយនេះ។”

ប្រែសម្រួល៖​ គីរី

Most Popular

To Top