ភ្នំពេញ៖ នាថ្ងៃទី១៩ ខែវិច្ចិកា ឆ្នាំ២០២៦ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងជាប្រធានទទួលបន្ទុករួម គណៈកម្មការរៀបចំការប្រកួត និងលោក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាការរៀបចំការប្រកួត បានអញ្ជើញជាសហអធិបតី ដឹកនាំកិច្ចប្រជុំស្តីពី “ការពិនិត្យវឌ្ឍភាពការងាររៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ី” លើកទី៦ ឆ្នាំ២០២៦ (the 6th Asian Vovinam Championship 2026) ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

ព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ី” លើកទី៦ ឆ្នាំ២០២៦ (the 6th Asian Vovinam Championship 2026) ត្រៀមពិធីបើកជាផ្លូវការនាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះក្រោមអធិបតីលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា “ស.ស.យ.ក” ដែលនឹងប្រព្រឹត្តទៅនៅវិមានក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

សម្រាប់ការត្រៀមធ្វើម្ចាស់ផ្ទះ មកទល់ពេលនេះ បានប្រព្រឹត្តទៅដោយរលូន ក្រោយមានកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារជាប្រចាំ រួមជាមួយការបែងចែកតួនាទីភារកិច្ចច្បាស់លាស់ ទៅតាមគណៈកម្មការ និងអនុគណៈកម្មការនីមួយៗ ដើម្បីធានាឲ្យបានការរៀបចំទទួលបានជោគជ័យ ទាំងការងារបច្ចេកទេស សន្ដិសុខសណ្ដាប់ធ្នាប់ និងការទទួលបដិសណ្ឋារកិច្ច ពិសេ សពិធីបើកការប្រកួតផ្លូវការ ដែលត្រៀមរៀបចំយ៉ាងអធិកអធម ផ្សារភ្ជាប់នូវទស្សនីយភាពចម្រុះទាំងសិល្បៈ និងវប្បធម៌ជាដើម។

បញ្ជាក់៖រាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា រៀបចំព្រឹត្តិការណ៍កីឡាវ៉ូវីណាមជើងឯកអាស៊ី លើកទី៦ ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងសទី២៤-២៩ ខែវិច្ឆិកា ឆ្នាំ២០២៦។ នេះជាលើកដំបូង ដែលកម្ពុជាត្រូវធ្វើម្ចាស់ផ្ទះការប្រកួតកម្រិតទ្វីបអាស៊ី តែកន្លងមកកម្ពុជា ក៏ធ្លាប់ម្ចាស់ផ្ទះជើងឯកពិភពលោក និងជើងឯកអាស៊ីអាគ្នេយ៍ ប្រកបដោយភាពជោគជ័យផងដែរ ពិសេសគឺមហាជោគជ័យក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ តែម្ដង៕
ដោយ៖លី ភីលីព








