កីឡា

Lionel Messi នៅតែបន្តគ្រប់គ្រង តារាងប្រាក់ឈ្នួល! កំពូលតារាឆ្នើមរបស់ Inter Miami នាំមុខគេលើប្រាក់ខែនៅ MLS ខណៈកីឡាករ ៥ រូប ទទួលបានប្រាក់ចំណូលលើសពី ១០ លានដុល្លារ

​ម៉ៃអាមី៖ កំពូលខ្សែប្រយុទ្ធ Lionel Messi នៅតែបន្តឈរនៅលំដាប់កំពូល ជាកីឡាករដែលទទួលបានប្រាក់ឈ្នួល ខ្ពស់ជាងគេបំផុត នៅក្នុងក្របខណ្ឌបាល់ទាត់ កំពូលអាមេរិក (Major League Soccer – MLS) តាមរយៈរបាយការណ៍ បង្ហាញពីប្រាក់បៀវត្សរ៍ចុងក្រោយបង្អស់ប្រចាំឆ្នាំ ២០២៦។ វត្តមានរបស់តារាឆ្នើមប្រចាំក្លិប Inter Miami រូបនេះ គឺជាចំណុចស្នូលដែលជំរុញឱ្យកម្រិតប្រាក់ឈ្នួលក្នុងលីគកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដោយបច្ចុប្បន្នមានកីឡាករលំដាប់ពិភពលោកចំនួន ៥ រូបហើយ ដែលទទួលបានប្រាក់ខែលើសពី ១០ លានដុល្លារក្នុងមួយឆ្នាំ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ។

ហិរញ្ញវត្ថុនៅក្នុងក្របខណ្ឌ MLS នៅតែបន្តគ្របដណ្តប់ដោយ Lionel Messi ដែលទទួលបានប្រាក់ឈ្នួលគោលធានា (Guaranteed Compensation) រហូតដល់ ២៨,៣៣ លានដុល្លារ ក្នុងមួយឆ្នាំ។ យោងតាមតួលេខចុងក្រោយដែលចេញផ្សាយដោយសមាគមកីឡាករ MLS (MLS Players Association) ក្នុងឆ្នាំ ២០២៦ ប្រាក់ចំណូលធានារបស់ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះ បានកើនឡើងគួរឱ្យកត់សម្គាល់បើធៀបនឹងឆ្នាំមុន ដែលមានត្រឹម ២០,៤៥ លានដុល្លារ ប៉ុណ្ណោះ។

​ទោះជាយ៉ាងណាក៏ដោយ តួលេខខាងលើនេះគឺគិតត្រឹមតែចំណែកប្រាក់ខែពីការលេងបាល់ទាត់ក្នុងកិច្ចសន្យាប៉ុណ្ណោះ។ ប្រសិនបើបូកបញ្ចូលទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងកិច្ចសន្យាបន្តរហូតដល់ឆ្នាំ ២០២៨ ផងនោះ ចំណូលសរុបប្រចាំឆ្នាំរបស់ Messi ត្រូវបានគេប៉ាន់ប្រមាណថា អាចកើនឡើងរហូតដល់ជិត ៨០ លានដុល្លារ ឯណោះ។
​
ការប្តេជ្ញាចិត្តរបស់ក្លិប Inter Miami ក្នុងការកសាងក្រុមដ៏រឹងមាំជុំវិញម្ចាស់ពានរង្វាន់ World Cup រូបនេះ បានធ្វើឱ្យការចំណាយលើប្រាក់ឈ្នួលកីឡាករសរុបរបស់ក្លិប ហក់ឡើងដល់កម្រិតបំបែកកំណត់ត្រាថ្មីគឺ ៥៩,៣៧ លានដុល្លារ។ ការវិនិយោគដ៏មហាសាលនេះ ក៏ត្រូវបានជំរុញបន្ថែមតាមរយៈការនាំយកខ្សែបម្រើជើងចាស់ Casemiro មករួមក្រុមនៅពាក់កណ្តាលរដូវកាលផងដែរ ដែលធ្វើឱ្យ Inter Miami ចំណាយប្រាក់ឈ្នួលលើសក្រុមចំនួន ២៥ ក្នុងចំណោមក្រុមទាំង ២៩ ផ្សេងទៀតនៅក្នុងលីគ រហូតដល់ទៅជាងពីរដង។
​បើទោះបីជាមានការចំណាយថវិកា ដ៏ច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មានក៏ដោយ ក៏ក្រុម Inter Miami បានបញ្ចប់រដូវកាលធម្មតា (Regular Season) ត្រឹមចំណាត់ថ្នាក់លេខ ២ ក្នុងតំបន់ Eastern Conference ប៉ុណ្ណោះ ដោយឈរនៅពីក្រោយក្រុមម្ចាស់ជើងឯក Supporters’ Shield គឺក្លិប Nashville SC ដែលបង្កើតភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយៈការដណ្តើមបានជោគជ័យនេះដោយប្រើប្រាស់ថវិកាប្រាក់ឈ្នួលកីឡាករសរុបត្រឹមតែ ២៤,៩៧ លានដុល្លារ ប៉ុណ្ណោះ។

ប្រែសម្រួល៖ គីរី

Most Popular

To Top