បរទេស៖ អ្នកចាត់ការទូទៅ របស់ក្លិប Coventry City លោក Frank Lampard បានក្រើនរំលឹកដល់កូនក្រុម របស់លោកឱ្យត្រៀម ខ្លួនទប់ទល់នឹងក្រុម Crystal Palace ដែលអាចនឹង មានភាពរស់រវើក និងកម្លាំងចិត្តឡើងវិញ នៅចុងសប្តាហ៍នេះ ខណៈដែលក្រុមរហស្សនាម «ឥន្ទ្រី» (Eagles) មួយនេះ នឹងធ្វើដំណើរមកប្រកួតក្រោមការដឹក នាំរបស់គ្រូបង្វឹកថ្មី។ គ្រូបង្វឹករបស់ក្រុម Coventry City (The Sky Blues) បានសង្កត់ធ្ងន់លើលទ្ធភាពនៃការផ្លាស់ប្តូរទម្រង់លេង និងយុទ្ធសាស្ត្ររបស់គូប្រកួត នៅពេលដែលលោកត្រូវត្រៀមស្វាគមន៍លោក Thomas Frank មកកាន់កីឡដ្ឋាន Coventry Building Society Arena នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
លោក Lampard កំពុងប្រឈមមុខនឹងការប្រកួតប្រជែងដ៏ពិសេសមួយនៅថ្ងៃសៅរ៍នេះ នៅពេលដែលក្រុម Coventry City របស់លោកត្រូវបើកទ្វារផ្ទះទទួលស្វាគមន៍ក្រុម Crystal Palace ក្នុងជំនួបដ៏តានតឹងនៃក្របខណ្ឌ Premier League។ ចំណុចសំខាន់បំផុតជុំវិញការប្រកួតនេះ គឺវត្តមានរបស់លោក Thomas Frank នៅកីឡដ្ឋាន Selhurst Park ដែលលោក Lampard ជឿជាក់ថា ការផ្លាស់ប្តូរនេះអាចនឹងបង្កើតឱ្យមានប្រតិកម្មតបតភ្លាមៗ និងភាពប្រសើរឡើងពីសំណាក់កីឡាករនៃក្រុមភ្ញៀវ។
ដោយសារតែអំឡុងពេលសម្រាកសម្រាប់ការប្រកួតអន្តរជាតិ (International Break) បានផ្តល់ឱកាស និងពេលវេលាគ្រប់គ្រាន់ដល់គ្រូបង្វឹកថ្មីរបស់ក្រុម Crystal Palace ក្នុងការបញ្ចូលទស្សនៈ និងយុទ្ធសាស្ត្ររបស់ខ្លួនទៅក្នុងក្រុម អ្នកចាត់ការទូទៅរបស់ Coventry បានទទួលស្គាល់ថា ការរៀបចំផែនការដើម្បីទប់ទល់នឹងគូប្រកួតមួយនេះ បានក្លាយជាភារកិច្ចដ៏លំបាកមួយសម្រាប់ក្រុមការងារគ្រូបង្វឹករបស់លោក។
ថ្លែងទៅកាន់អ្នកសារព័ត៌មានមុនការប្រកួតចូលមកដល់ លោក Lampard បានទទួលស្គាល់អំពីឥទ្ធិពលផ្លូវចិត្តដែលការផ្លាស់ប្តូរគ្រូបង្វឹកអាចផ្តល់ឱ្យក្រុមដែលកំពុងជួបការលំបាក។ លោក Lampard បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន BBC Sport យ៉ាងដូច្នេះថា៖ «ជាទូទៅ អ្នកតែងតែរំពឹងថានឹងមានសន្ទុះ និងថាមពលថ្មីមួយចំនួនកើតឡើងពីគ្រូបង្វឹកថ្មី។ ខ្ញុំរំពឹងថាគាត់ (Thomas Frank) នឹងបន្ថែមគុណតម្លៃដល់ក្រុមរបស់ពួកគេជាបន្តបន្ទាប់ ព្រោះគាត់គឺជាគ្រូបង្វឹកដ៏ល្អម្នាក់»។
លោកបានបន្តពន្យល់លម្អិតអំពីភាពលំបាកក្នុងការតាមដាន និងវិភាគទម្រង់លេងរបស់ក្រុមដែលស្ថិតក្រោមការដឹកនាំថ្មី ដោយលោកបានកត់សម្គាល់ថា វាប្រៀបដូចជា «ល្បែងទស្សន៍ទាយ» មួយអ៊ីចឹង ទៅលើអ្វីដែលនឹងកើតឡើង ពីសំណាក់ក្រុម Crystal Palace ព្រោះវាអាស្រ័យទៅលើរយៈពេលដែលលោក Thomas Frank មាន ក្នុងការអនុវត្តការផ្លាស់ប្តូរទាំងនោះនៅក្នុងក្រុម។
ប្រែសម្រួល៖ គីរី
